October 19, 2026
រដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០ នាទី នៅសាធារណរដ្ឋហ្វីលីពីន ត្រូវនឹងម៉ោង ១៤:០០នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានសិទ្ធប្រទានពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឡើងថ្លែងបទអន្តរាគមន៍ នៅចំពោះមុខរដ្ឋសមាជិក ៣៨ប្រទេស និងផែនដី ក្នុងកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ក្រោមមូលបទ “Weaving Health for All”។
ក្នុងបទអន្តរាគមន៍ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីសមិទ្ធផល ដែលកម្ពុជាសម្រេចបាន រួមទាំងវឌ្ឍនភាពចម្បងៗ ដូចជា៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជាពិសេសលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការគ្រប់គ្រងជំងឺគ្រុនចាញ់, ការទទួលបានភាពជោគជ័យក្នុងការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំង HPV ក្នុងរបបចាក់តែមួយដូស ។ល។ ចំពោះការប្រយុទ្ធប្រឆាំងមេរោគអេដស៍ កម្ពុជាបានក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលសម្រេចបានគោលដៅសកល ៩៥-៩៥-៩៥ នៅខែមិថុនា ឆ្នាំ២០២៦។ ការពង្រឹងការលើកកម្ពស់សុខភាព និងការគ្រប់គ្រងបន្ទុកជំងឺមិនឆ្លង ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សលើពិភពលោក ន៨ងក្នុងតំបន់ នៅតែជាអាទិភាពសំខាន់របស់កម្ពុជា។ កម្ពុជានៅតែបន្តជំរុញវឌ្ឍនភាពក្នុងការពង្រឹងធនធានមនុស្សសុខាភិបាល និងពង្រីកវិសាលភាពនៃការគាំពារសុខភាពសង្គម សំដៅឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពី កិច្ចខិតខំប្រឹងប្រែងរបស់ WPRO រួមជាមួយតំបន់ផ្សេងទៀតនៃអង្គការសុខភាពពិភពលោក ដែលកំពុងផ្តល់នូវលទ្ធផលជាក់ស្តែងនៅមូលដ្ឋាន តាមរយៈការកែទម្រង់សុខភាពសកលទៅជាប្រព័ន្ធដែលមានភាពស៊ីសង្វាក់គ្នា មានបរិយាបន្ន និងភាពជាម្ចាស់របស់ប្រទេសនីមួយៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសឱ្យកាន់តែមានស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាព។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ រួមចំណែកដល់ការអនុវត្តគោលនយោបាយសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងពង្រឹងលទ្ធផលនៃសកម្មភាពទាំងឡាយ ដើម្បីជាប្រយោជន៍ដល់សហគមន៍ និងការបង្កើតបរិយាកាសដែលអំណោយផលដល់ការលើកកម្ពស់សុខភាព និងសុខុមាលភាព។ កម្ពុជាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងទិសដៅសម្រេចអោយបានគោលដៅរបស់ខ្លួន តាមរយៈការលើកកម្ពស់វិធីសាស្ត្រ «សុខភាពតែមួយ» (One Health)។