October 20, 2026
ថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ក្រសួងសុខាភិបាលបានរៀបចំវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣៧ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ៣៧៥១នាក់ ដែលក្នុងនោះមានថ្នាក់ដឹកនាំនិងមន្រ្តីសុខាភិបាលនៅមន្ទីរពេទ្យបង្អែកស្រុក/ខេត្ត ចំនួន១២៩៥នាក់។
នៅក្នុងការជួបជុំនេះ ក្រៅពីការរំលឹកឡើងវិញនូវប្រធានបទដែលបានបណ្តុះបណ្តាល ក៏មានបទបង្ហាញចំនួនពីរ ដែលធ្វើឡើងដោយក្រុមការងារមកពីមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងមន្ទីរពេទ្យបង្អែកស្ទោង។
ក្រុមការងាររបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានធ្វើបង្ហាញពីវានុវត្តន៍នៃការគ្រប់គ្រង និងការផ្ដល់សេវារបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលកើតចេញពីកិច្ចសហប្រតិបត្តការល្អ ជាមួយដៃគូអភិវឌ្ឍន៍ ការត្រៀមខ្លួនទុកជាមុន និងប្រើប្រាស់គោលការណ៍នៃភាពជាអ្នកដឹកនាំ ក្នុងការអភិវឌ្ឍន៍ និងកំណត់ទិសដៅរបស់មន្ទីរពេទ្យរហូតក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ។
ជាមួយគ្នានេះ មន្ទីរពេទ្យបង្អែកស្ទោងបានចែករំលែកបទពិសោធន៍ អំពីការប្រើប្រាស់ភាពជាអ្នកដឹកនាំក្នុងការផ្តួចផ្តើមគំនិតរៀបចំប្រព័ន្ធគ្រប់គ្រងស្តុកឈាម និងយន្តការផ្គត់ផ្គង់ឈាម សម្រាប់ការប្រើប្រាស់ដែលសមស្រប និងឆ្លើយតបទៅនឹងកត្តាប្រឈមនៅក្នុងមន្ទីរពេទ្យស្ទោង (local problem local solution) ប្រកបដោយប្រសិទ្ធភាព។