October 22, 2026
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសាន់វេ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាលើកទី២ ស្តីពី ការពិភាក្សាបញ្ចប់ ការរៀបចំមគ្គុទេសក៍ជីវសន្តិសុខជាតិ សម្រាប់មន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងសុខភាពសាធារណៈនៅកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។
សិក្ខាសាលានេះមានគោលបំណងពិនិត្យ និងផ្តល់ធាតុចូលបច្ចេកទេស លើសេចក្តីព្រាងមគ្គុទេសក៍ជីវសន្តិសុខជាតិ ដើម្បីពង្រឹងការគ្រប់គ្រងហានិភ័យជីវសាស្ត្រ សន្តិសុខទិន្នន័យមន្ទីរពិសោធន៍ និងការត្រៀមលក្ខណៈឆ្លើយតប ចំពោះឧប្បត្តិហេតុជីវសាស្ត្រ ស្របតាមស្តង់ដារ និងនិយ័តកម្មសុខភាពអន្តរជាតិ រួមមាន IHR 2005 និង ISO 35001។
ការរៀបចំមគ្គុទេសក៍នេះ ជាការបន្តពង្រឹងវឌ្ឍនភាពរបស់កម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធមន្ទីរពិសោធន៍ជាតិ បន្ទាប់ពីការអភិវឌ្ឍឯកសារគោលនយោបាយ និងបច្ចេកទេសសំខាន់ៗ ដូចជា បញ្ជីជាតិភ្នាក់ងារបង្កជំងឺ និងសារធាតុពុល កំណែទី២ ផែនការយុទ្ធសាស្ត្រជាតិមន្ទីរពិសោធន៍ ឆ្នាំ២០២៥–២០៣០ និងគោលការណ៍ណែនាំជាតិ ស្តីពីជីវសុវត្ថិភាព កំណែទី២។ លើសពីនេះ ការលើកកម្ពស់គុណភាពសុវត្ថិភាព ជីវសន្តិសុខ និងការទទួលខុសត្រូវ ក្នុងចំណោមបុគ្គលិកមន្ទីរពិសោធន៍គ្រប់កម្រិត គឺជាកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់។ ការអនុវត្តជីវសន្តិសុខ ប្រកបដោយប្រសិទ្ធភាព ត្រូវផ្អែកលើការយល់ដឹង សមត្ថភាពវិជ្ជាជីវៈ ការអនុវត្តជាប្រចាំ និងការប្តេជ្ញាចិត្តរួមរបស់ស្ថាប័ន និងបុគ្គលិកទាំងអស់។
តាមរយៈសិក្ខាសាលានេះ ក្រសួងសុខាភិបាល បន្តជំរុញការប្រែក្លាយគោលការណ៍ណែនាំ ទៅជាការអនុវត្តជាក់ស្តែង តាមរយៈការកសាងសមត្ថភាពបុគ្គលិក ការពង្រឹងប្រព័ន្ធគ្រប់គ្រងហានិភ័យ និងការលើកកម្ពស់គុណភាពសុវត្ថិភាព សន្តិសុខ និងការទទួលខុសត្រូវនៅគ្រប់កម្រិតមន្ទីរពិសោធន៍ ដើម្បីរួមចំណែកការពារសុខភាពប្រជាជន និងពង្រឹងសន្តិសុខ សុខភាពជាតិ និងសកលប្រកបដោយចីរភាព។
សិក្ខាសាលានេះរៀបចំឡើងដោយការិយាល័យសេវាមន្ទីរពិសោធន៍វេជ្ជសាស្ត្រ នៃនាយកដ្ឋានសេវាសុខភាព ដោយមានការគាំទ្រថវិកាពីអង្គការ FHI 360 ក្រោមគម្រោង STRIDES និងមានការចូលរួមពីអ្នកជំនាញ និងតំណាងមន្ទីរពិសោធន៍ថ្នាក់ជាតិ ថ្នាក់ខេត្ត កម្មវិធីជាតិ និងដៃគូពាក់ព័ន្ធ ប្រមាណ ៤០នាក់។