October 22, 2026
រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តឱ្យកាន់តែប្រសើរ ប្រកបដោយនវានុវត្តន៍ និងចីរភាព។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាលចាប់ពី រដ្ឋលេខាធិការ ដល់ប្រធានការិយាល័យ នៃទីស្តីការក្រសួងសុខាភិបាល និងប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដែលចូលរួមតាមប្រព័ន្ធ Zoom។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីលទ្ធផលក្នុងកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីជាវឌ្ឍនភាពនិងទិសដៅការងារក្នុងវិស័យសុខាភិបាល នូវចំណុចគន្លឹះ ចំនួន ៧ ៖ ១) ភាពជាដៃគូសហប្រតិបត្តិការ ២) សមិទ្ធផលសំខាន់ដែលកម្ពុសម្រេចបាន ៣) បង្ហាញពីអាទិភាពដែលកម្ពុជាត្រូវបន្ត ៤) បញ្ហាប្រឈមជាសកល ៥) ការគាំទ្រកំណែទម្រង់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយឈរលើ គោលការណ៍៖ យកប្រជាជនជាគោល, បរិយាប័ន្ន, ស័ក្តិសិទ្ធភាព ៦) គូសរំលេចពីសារៈសំខាន់ នៃអភិក្រមសុខភាពតែមួយ (One Health Approach) និង ៧) បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទៅក្នុងប្រព័ន្ធសុខាភិបាល ដោយការទទួលខុសត្រូវ (Responsible and ethical AI)។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ត្រូវបន្តខិតខំពង្រឹងគុណភាព សមត្ថភាព ជាពិសេសត្រូវលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ ដោយត្រូវអនុវត្តតាមគោលការណ៍បច្ចេកទេស ក្រមសីលធម៌វិជ្ជាជីវៈ ការបង្ការត្រួតពិនិត្យការឆ្លងរោគ អនាម័យ ការប្រើប្រាស់ឱសថឱ្យបានសមស្រប។ ទន្ទឹមនឹងនេះ ត្រូវរក្សាវឌ្ឍនភាពដែលយើងអនុវត្តបានល្អប្រសើរ ដូចជា ជំងឺគ្រុនចាញ់ ប្រព័ន្ធតាមដាន និងឆ្លើយតបបន្ទាន់ វ៉ាក់សាំងមហារីកមាត់ស្បូន និងបង្កើនការចាក់វ៉ាក់សាំង និងជំរុញការខិតខំបន្ថែមការងារប្រយុទ្ធនឹងជំងឺឆ្លង ពង្រឹងសមត្ថភាពធនធានមនុស្ស ប្រសិទ្ធភាពការបម្រើសេវា ២៤ម៉ោង ដោយសមធម៌ ព្រមទាំងជំរុញសុខាភិបាលឌីជីថល។
មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំគោលការណ៍សំខាន់៖ «កុំយកតែទ្រីស្តី និងគោលការណ៍ ដោយមិនបានអនុវត្តឱ្យចេញជាលទ្ធផល។ កុំរង់ចាំតែការណែនាំ ត្រូវចេះកែលម្អចំណុចខ្វះខាត ហើយត្រូវមានដំណោះស្រាយ និងកុំយកឧបសគ្គជាភាពទល់ច្រករបស់យើង»។