October 24, 2026
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិវញ្ញវត្ថុសាធារណៈ នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្ត«សៀវភៅគោលការណ៍ណែនាំស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងសុខាភិបាល» ដែលរៀបចំនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
សៀវភៅគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងសុខាភិបាលនេះ រៀបចំឡើងសម្រាប់ប្រើប្រាស់ផ្ទៃក្នុងរបស់ក្រសួងសុខាភិបាល ដើម្បីចង្អុលបង្ហាញ និងណែនាំអំពីគោលការណ៍ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅគ្រប់ដំណាក់កាលនៃវដ្តថវិកា និងការងារពាក់ព័ន្ធផ្សេងទៀតរបស់ក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ជាតិទាំងអស់ ដែលស្ថិតក្រោមឱវាទក្រសួងសុខាភិបាល។
ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ មានប្រសាសន៍ណែនាំដល់អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុទាំងអស់ សូមស្វែងយល់ និងពិនិត្យមើលដោយយកចិត្តទុកដាក់ ព្រមទាំងត្រូវអនុវត្តសៀវភៅគោលការណ៍ណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកពង្រឹងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ឱ្យកាន់តែរឹងមាំ និងឈានទៅសម្រេចបាននូវលទ្ធផលចុងក្រោយទាំងបីនៃមុខងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល រួមមាន៖ (១) បូរណភាពនៃការគោរពវិន័យថវិកា (២) ប្រសិទ្ធភាពនៃថវិកាទាំងក្នុងផ្នែកវិភាជន៍និងផ្នែកប្រតិបត្តិការ និង(៣) ស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល អគ្គាធិការ នាយកដ្ឋានថ្នាក់កណ្តាល មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ នៃក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលមានចំនួនសរុប ១៥០រូប។