October 24, 2026
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកសន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦ ក្រោមមូលបទ «នវានុវត្តន៍ក្នុងវិស័យសុខាភិបាលក្នុងការថែទាំព្យាបាលដោយផ្តោតលើអ្នកជំងឺចំពោះជំងឺមិនឆ្លង» ។
ជាកិច្ចចាប់ផ្ដើម លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឆ្មប និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលមានវត្តមានក្នុងសន្និសីទថ្ងៃនេះ។
សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ថ្មីៗ និងការអនុវត្តល្អៗក្នុងការលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំព្យាបាលជំងឺមិនឆ្លង តាមរយៈនវានុវត្តន៍។ ក្នុងនេះដែរ ជំងឺមិនឆ្លង (NCDs) ដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺមហារីក ជំងឺស្ទះសរសៃឈាមខួរក្បាល ជំងឺបេះដូង និងជំងឺក្រួសផ្សេងៗ។
បន្ថែមលើនេះ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៤ រួមមាន៖ ១)ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បំផុតលើសុវត្ថិភាពអ្នកជំងឺក្នុងការអនុវត្តវិជ្ជាជីវៈវេជ្ជសាស្ត្រ សល្យសាស្ត្រ និងការថែទាំ ដោយប្រកាន់ខ្ជាប់នូវពិធីសារវេជ្ជសាស្ត្រផ្អែកលើភស្តុតាង។ ២)ជំរុញឱ្យមានការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្តរបទពិសោធន៍គ្លីនិកថ្មីៗ។ ៣)បន្តពង្រីកកិច្ចសហការជាមួយមន្ទីរពេទ្យជាតិផ្សេងៗ ស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីបណ្តុះបណ្តាលជំនាញបច្ចេកទេសជាន់ខ្ពស់ជូនដល់ក្មេងជំនាន់ក្រោយ។ ៤)រក្សាឱ្យបាននូវភាពទន់ភ្លន់ ទឹកចិត្តមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺគ្រប់រូបដោយគ្មានការរើសអើង។
ជាទីបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាយកមន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ និងមន្ទីរពេទ្យខេត្តសម្ព័ន្ធមេត្រី ព្រមទាំងវេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី ឆ្មប គិលានុបដ្ឋាក-យិកា និងមន្ត្រីរាជការ សរុបប្រមាណជាងចំនួន ៨០០នាក់ ដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត (Zoom) ។