October 24, 2026
រាជធានីភ្នំពេញ៖ រសៀល ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គ នៃកម្មវិធីបណ្តុះបណ្តាល «ប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ថ្នាក់មូលដ្ឋាន ជំនាន់ទី ៦» និង «ប្រព័ន្ធគ្រប់គ្រងគុណភាពតាមរយៈគម្រោងកែលម្អគុណភាព ជំនាន់ទី៤» ជូនដល់មន្ទីរពិសោធន៍សរុប ១៨ មន្ទីរពិសោធន៍។
វគ្គបណ្តុះបណ្តាល លើការគ្រប់គ្រងប្រព័ន្ធគុណភាពមន្ទីរពិសោធន៍នេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានជាតិសាធារណៈដោយប្រើប្រាស់ និងមានកិច្ចសហការជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង(US CDC) របស់សហរដ្ឋអាមេរិចប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ នៅតាមមន្ទីរពេទ្យសាធារណៈ និងឯកជន។
វគ្គបណ្តុះបណ្តាលនេះ បានបញ្ចូលនូវការវាយតំលៃប្រព័ន្ធគ្រប់គ្រងមន្ទីរពិសោធន៍ និង ជំរុញឱ្យមន្រ្តីមន្ទីរពិសោធន៍រៀបចំ កម្មវីធីកែលម្អសេវារបស់ខ្លួន។
មុនបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមត្រូវបង្ហាញពីវឌ្ឍនភាព នៃការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងគុណភាពរបស់មន្ទីរពិសោធន៍ ជូនដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត និងត្រូវឆ្លងកាត់ការវាយតម្លៃដោយអ្នកជំនាញស្រាវជ្រាវមុននឹងទទួលបានវិញ្ញាបនបត្របញ្ចប់កម្មវិធីបណ្តុះបណ្តាល។
ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់អង្គពិធីទាំងមូលឱ្យក្រសោបយក គតិបណ្ឌិត (Wisdom) ចំនួន៤ មកដាក់ក្នុងខ្លួនដើម្បីក្លាយជា អ្នកដឹកនាំ (Leader) ដែលរួមមាន ៖ បញ្ញាញាណ (Discernment) សេចក្តីករុណា (Compassion) ការសម្រួមកាយចិត្ត (Humility and Humbleness) និងសុច្ចរិតភាព (Integrity)។ ក្នុងនោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានរំលេចថា ជាអ្នកដឹកនាំ មានន័យថាយើងបានផ្លាស់ប្តូរពីបុគ្គលសម្រាប់បុគ្គល (Individual) ទៅជាបុគ្គលសាធារណៈ (Public person) ដូច្នេះ ភាពទៅជាមួយគ្នា (Togetherness) គឺជាកត្តាចាំបាច់ដែលអ្នកដឹកនាំគ្រប់គ្នាត្រូវប្រកាន់ខ្ជាប់ក្នុងការអនុវត្តការងារ។
មុននឹងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យបានលើកទឹកចិត្តឱ្យ វិទ្យាស្ថានជាតិសុខភាពសាធារណៈបន្តគាំទ្រ និងផ្តល់ការបណ្តុះបណ្តាលនេះដល់មន្ទីរពិសោធន៍ ដែលមិនទាន់បានគ្របដណ្តប់ដល់បន្ថែមទៀត។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធានមន្ទីរពេទ្យ ប្រធានមន្ទីរពិសោធន៍ នៃមន្ទីរពិសោធន៍ជ័យលាភីទាំងអស់ គ្រូបង្គោល និងគ្រូណែនាំ រួមទាំងបុគ្គលិកនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ។