October 25, 2026
រាជធានីភ្នំពេញ៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលបន្ត (CME) ស្តីពី «ជំងឺផ្លូវចិត្តដែលមានញឹកញាប់លើកុមារ វ័យជំទង់ និងមនុស្សពេញវ័យ» ក្រោមអធិបតីភាព ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។
ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សុខភាពផ្លូវចិត្តជាសមាសធាតុសំខាន់នៃសុខភាព និងសុខុមាលភាពរបស់មនុស្សគ្រប់រូប ជាពិសេស កុមារ និងមនុស្សវ័យជំទង់ ដែលជាដំណាក់កាលគ្រឹះនៃការលូតលាស់ និងការអភិវឌ្ឍ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលបន្តនេះ ជាការវិនិយោគលើធនធានមនុស្សសុខាភិបាល ដើម្បីពង្រឹងសមត្ថភាពអ្នកផ្តល់សេវា និងជំរុញការធ្វើសមាហរណកម្មសុខភាពផ្លូវចិត្ត ទៅក្នុងសេវាសុខាភិបាលទូទៅ និងការថែទាំសុខភាពបឋម ឱ្យកាន់តែមានគុណភាព ងាយស្រួលទទួលបាន និងខិតជិតប្រជាពលរដ្ឋ។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមសរុប ១០០រូប រួមមានថ្នាក់ដឹកនាំ គ្រូឧទ្ទេស អ្នកជំនាញ វេជ្ជបណ្ឌិត គិលានុបដ្ឋាក មន្ត្រីសុខាភិបាល និងដៃគូពាក់ព័ន្ធ ក្រោមការគាំទ្រថវិកាពី អង្គការឡូវ៉ែនសហប្រតិបត្តិការអភិវឌ្ឍន៍ប្រចាំកម្ពុជា (Louvain Cooperation)។