Cambodia
New Details

Image
កិច្ចប្រជុំក្រុមការងាររៀបចំក្របខណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច។

October 25, 2026

រាជធានីភ្នំពេញ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្ដមវេជ្ជបណ្ឌិត ស្រេង ជ្រិន អគ្គាធិការក្រសួងសុខាភិបាល ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដី ពីវឌ្ឍនភាពនៃការអនុវត្តឯកសារក្របខណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ចរបស់រាជរដ្ឋាភិបាល នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះផ្តោតលើការពង្រឹងប្រសិទ្ធភាពការងារត្រួតពិនិត្យ ការបែងចែកតួនាទី និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ។

សូមបញ្ជាក់ថា ឯកសារក្របខណ្ឌនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ និងបានដាក់ចេញនូវវិធានសម្រាប់រៀបចំ និងកែលម្អប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ចឱ្យមានភាពច្បាស់លាស់ ស្របតាមច្បាប់ និងមានការសម្របសម្រួលរវាងអង្គភាពពាក់ព័ន្ធ។

តាមរយៈវឌ្ឍនភាពដែលបានបង្ហាញក្នុងអង្គប្រជុំនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធបានចាប់ផ្តើមអនុវត្តវិធានការសំខាន់ៗ ដូចជា ការរៀបចំរចនាសម្ព័ន្ធ និងកំណត់តួនាទីរបស់អង្គភាពសវនកម្មផ្ទៃក្នុង និងអធិការកិច្ច ការបង្កើតយន្តការសម្របសម្រួលការចុះត្រួតពិនិត្យរួម ការរៀបចំស្តង់ដានីតិវិធីប្រតិបត្តិ (SOP) និងការពង្រឹងការរាយការណ៍លទ្ធផលការងារ។

ការអនុវត្តក្របខណ្ឌនេះមានគោលដៅលើកកម្ពស់ភាពច្បាស់លាស់ នៃសមត្ថកិច្ច កាត់បន្ថយការត្រួតពិនិត្យជាន់គ្នា បង្កើនកិច្ចសហការរវាងក្រសួង ស្ថាប័ន និងធានាឱ្យការអនុវត្តការងារសវនកម្ម និងអធិការកិច្ចប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

Gallery Gallery
1 / 1
Gallery image