October 31, 2026
ខេត្តកំពង់ចាម៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលបំប៉ន ស្តីពី «ជំងឺផ្លូវចិត្ត និងភាពញៀនគ្រឿងញៀន» រយៈពេល ២ថ្ងៃ ដោយមានសិក្ខាកាមសរុប ៤១រូប មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
វគ្គនេះជាផ្នែកមួយនៃការអភិវឌ្ឍសមត្ថភាពមន្ត្រីសុខាភិបាល ដើម្បីពង្រឹងគុណភាពសេវាសុខភាពផ្លូវចិត្តនៅតាមមូលដ្ឋានសុខាភិបាល។
ថ្លែងក្នុងពិធីបិទ ឯកឧត្តមវេជ្ជបណ្ឌិត បានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាម្ចាស់ការ ការទទួលខុសត្រូវ និងការប្រើប្រាស់ធនធានដែលមានឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីតួនាទីរបស់នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ក្នុងការបន្តគាំទ្របច្ចេកទេស តាមដាន និងបង្វឹកនៅកន្លែងការងារ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការ និងស្វែងរកការចូលរួមពីដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីគាំទ្រការអនុវត្តការងារនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងរក្សាបាននូវសមិទ្ធផលជាបន្តបន្ទាប់។
ក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គការ Louvain Coopération (LC) និងភាគីពាក់ព័ន្ធ ដែលបានរួមចំណែកគាំទ្រការងារសុខភាពផ្លូវចិត្ត នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហការពីគ្រប់ភាគីមានសារៈសំខាន់ ក្នុងការធានាឱ្យប្រជាពលរដ្ឋ ទទួលបានសេវាសុខភាពផ្លូវចិត្ត និងការព្យាបាលភាពញៀនគ្រឿងញៀន ប្រកបដោយគុណភាព សមធម៌ និងនិរន្តរភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល របស់កម្ពុជា។