Cambodia
⬆️ 0%
New Details

Image
កិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងប្រព័ន្ធបញ្ជូនប្រកបដោយសុវត្ថិភាព និងការពង្រឹងសមត្ថភាពនៅផ្នែកសង្គ្រោះបន្ទាន់នៅគ្រប់មន្ទីរពេទ្យទូទាំងប្រទេស
November 11, 2011

នារសៀលថ្ងៃព្រហស្បតិ៍ ទី៨ និងថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងប្រព័ន្ធបញ្ជូនប្រកបដោយសុវត្ថិភាព និងការពង្រឹងសមត្ថភាពនៅផ្នែកសង្គ្រោះបន្ទាន់នៅគ្រប់មន្ទីរពេទ្យទូទាំងប្រទេស។

នៅក្នុងកិច្ចប្រជុំនោះឯកឧត្តមរដ្ឋលេខាធិការបានធ្វើការណែនាំដល់ ឯកឧត្តម លោកជំទាវ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តទាំង២៥រាជធានីខេត្ត លោក លោកស្រីប្រធានស្រុកប្រតិបត្តិ និងប្រធានមន្ទីរពេទ្យ គ្រប់កម្រិតស្ដីពីការពង្រឹងយន្តការនៃការគ្រប់គ្រង និងការពង្រឹងសមត្ថភាពប្រព័ន្ធបញ្ជូននៅគ្រប់មន្ទីរពេទ្យនិងនៅតាមមណ្ឌលសុខភាពផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់យ៉ាងច្បាស់អំពីការខិតខំពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារនៅផ្នែកសង្គ្រោះបន្ទាន់ និងនៅតាមរថយន្តគិលានសង្គ្រោះក៏ដូចជាការពង្រឹងវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ។

ជាមួយគ្នានោះអង្គប្រជុំក៏បានពិភាក្សាទៅលើការពង្រឹងសមត្ថភាពនៅផ្នែកសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យគ្រប់កម្រិតទាំងធនធានមនុស្ស សមត្ថភាពបច្ចេកទេស សម្ភារៈបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធ ដោយឯកឧត្តមរដ្ឋលេខាធិការបានគូសរំលេចមួយចំនុចម្តងៗជូនទៅប្រធានមន្ទីរពេទ្យ និងអង្គប្រជុំទាំងមូលដើម្បីយកទៅរៀបចំនៅតាមបន្ទប់សង្គ្រោះបន្ទាន់ទាំងអស់ ក្នុងមន្ទីរពេទ្យធ្វើយ៉ាងណាឱ្យបន្ទប់សង្គ្រោះបន្ទាន់មានលក្ខណៈសមស្រប និងមានកម្រិតបច្ចេកទេសដែលអាចជួយសង្គ្រោះ និងផ្ដល់សេវាសង្គ្រោះបន្ទាន់ជូនទៅដល់អ្នកជំងឺដែលចូលមកប្រើប្រាស់សេវានៅក្នុងមន្ទីរពេទ្យ។

នៅក្នុងកិច្ចប្រជុំនោះដែរក៏មានការធ្វើបទបង្ហាញរបស់នាយកដ្ឋានមន្ទីរពេទ្យស្ដីពីការក្រើនរំលឹក និងពង្រឹងយន្តការនៃការបញ្ជូនអ្នកជំងឺទៅតាមបទដ្ឋានគតិយុត្តដែលបានណែនាំដោយក្រសួងសុខាភិបាល។

សូមបញ្ជាក់ផងដែរកិច្ចប្រជុំនេះរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom meeting) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកបច្ចេកទេស ប្រធាននិងអនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ ឯកឧត្តម លោកជំទាវប្រធាននិងអនុប្រធានមន្ទីរសុខាភិបាល ប្រធានស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យគ្រប់កម្រិត បុគ្គលិកបំរើការងារនៅផ្នែកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ និងបុគ្គលិកបំរើការនៅតាមរថយន្តគិលានសង្គ្រោះ ដែលកិច្ចប្រជុំចំនួន២ថ្ងៃនេះមានអ្នកចូលរួមសរុបចំនួន៤៤០នាក់។

Image 1
Image 2