វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការអនុវត្តថវិកាមូលនិធិគាំទ្រការផ្តល់សេវា(SDG) សម្រាប់មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ
August 29, 2024
ខេត្តសៀមរាប៖ នាថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការណែនាំរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការអនុវត្តថវិកាមូលនិធិគាំទ្រការផ្តល់សេវា(SDG) សម្រាប់មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដែលមានរយៈពេល ៤ថ្ងៃ គឺនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួនបួន រួមមាន៖
១.ពង្រឹងការយល់ដឹងឱ្យបានច្បាស់លាស់អំពីការអនុវត្តថវិកា SDG
២.ពង្រឹងការរៀបចំឯកសារពាក់ព័ន្ធ និងជំរុញការរៀបចំរបាយការណ៍ឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា និងទៀងទាត់
៣.គាំទ្រការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច (Google Form) ដើម្បីបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ និងរាយការណ៍អំពីសកម្មភាពចុះបង្វឹក និង
៤.ការចុះបង្វឹកផ្ទាល់ដល់មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុនៅតាមមូលដ្ឋានសុខាភិបាល។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោក តឹក សុភឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោក ខុប មានរិទ្ធ អនុប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ លោកស្រី ម៉ម សុថាវី អនុប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ លោក អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប លោក សុខ កែវរស្មី ទីប្រឹក្សាហិរញ្ញវត្ថុ នៃធនាគារពិភពលោក និងសិក្ខាកាមដែលជាគ្រូបង្គោលមកពីមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ នៃរដ្ឋបាលខេត្តកំពត កំពង់ស្ពឺ កែប ព្រះសីហនុ កំពង់ឆ្នាំង កោះកុង និងខេត្តតាកែវ សរុបចំនួន ៧០រូប៕