Cambodia
⬆️ 0%
New Details

Image
សិក្ខាសាលា ស្តីពីការគ្រប់គ្រងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង ដែលអនុវត្តដោយអង្គភាពប្រតិបត្តិករ និងប្រតិបត្តិករជំនួយ សម្រាប់ឆ្នាំ២០២៤ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងមូលនិធិសកល
September 12, 2024

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទីព្រឹក ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ និងជានាយករងគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្ខាសាលា ស្តីពីការគ្រប់គ្រងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង ដែលអនុវត្តដោយអង្គភាពប្រតិបត្តិករ និងប្រតិបត្តិករជំនួយ សម្រាប់ឆ្នាំ២០២៤ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងមូលនិធិសកល ឆ្នាំ២០២៤-២០២៦។

សិក្ខាសាលានេះប្រារព្វធ្វើឡើងនៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណង ធ្វើបច្ចុប្បន្នភាព និងផ្តល់ការណែនាំបន្ថែមលើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងមូលនិធិសកលប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់នូវអនុសាសន៍ល្អៗ ជូនដល់ប្រតិបតិ្តករ និងប្រតិបត្តិករជំនួយ កំពុងចូលរួមក្នុងវគ្គសិក្ខាសាលា ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖

- ត្រូវយកចិត្តទុកដាក់ និងចូលរួមឱ្យបានផុលផុសក្នុងរយៈពេល២ថ្ងៃនេះ ក្នុងការទទួលយកនូវចំណេះដឹងពីគោលការណ៍ នីតិវិធីថ្មីៗមួយចំនួនទៀត ដែលជាការធ្វើបច្ចុប្បន្នភាព ទៅតាមតម្រូវការ សម្រាប់ការគ្រប់គ្រង និងការអនុវត្តនៅក្នុងគម្រោង GC7 នេះ

- ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានទាន់ពេលវេលាជាចាំបាច់បំផុតលើសកម្មភាពការងារ និងថវិកាដែលបានអនុម័តនៅក្នុងផែនការឆ្នាំ២០២៤ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះការស្នើសុំប្រើប្រាស់ថវិកាសន្សំ ត្រូវគិតពីសកម្មភាពជាអាទិភាភាពរបស់កម្មវិធីទាំងមូល ក្នុងការពង្រីកសេវាគ្របដណ្តប់ ស្វែងរកប្រជាជនគោលដៅ និងផ្តល់ការព្យាបាល ក៏ដូចជាបន្តពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលផងដែរ

- ស្នើដល់ក្រុមការងារ MOH-LIT និងមជ្ឈមណ្ឌលជាតិទាំងពីរ រួមជាមួយអង្គភាពប្រតិបត្តិករជំនួយ(SSIs) ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពិនិត្យរាល់សំណើ របាយការណ៍ និងសំនួរនានារបស់ម្ចាស់ជំនួយ ក៏ដូចជាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចាត់ចែងឱ្យបានសមស្រប និងទាន់ពេលវេលា

- ពិនិត្យ និងរៀបចំផែនការសកម្មភាពបន្ទាប់ក្នុងការស្វែងរកស្រាវជ្រាវ អ្នកជំងឺរបេង ឱ្យបានគ្រប់ផែនការ តាមរយៈការដាក់ពង្រាយម៉ាស៊ីន GeneXpert ឱ្យគ្របដណ្តប់ទូទាំងប្រទេស និងពង្រឹងការសហការណ៍ជាមួយអង្គការជាដៃគូរ ពន្ធនាគារ មន្ទីរពេទ្យឯកជន អ្នកស្ម័គ្រចិត្តសុខភាពភូមិឃុំ ដើម្បីសម្រួលដល់ដំណើរការនៃការធ្វើរោគវិនិច្ឆ័យ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់

- បន្តការធ្វើផែនការលទ្ធកម្មលើឱសថ សម្ភារនិងបរិក្ខារសុខាភិបាល ការផ្គត់ផ្គង់ បែងចែកបានត្រឹមត្រូវទៅតាមតម្រូវការ និងពេលវេលាកំណត់ រួមទាំងការងារអភិបាលកិច្ច។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជា PR នៃគម្រោងមូលនិធិសកល តំណាងនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសុខាភិបាល តំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គណៈកម្មាធិការសម្របសម្រួលគម្រោងមូលនិធិសកលនៅកម្ពុជា តំណាងអង្គភាពប្រតិបត្តិករ និងប្រតិបត្តិករជំនួយ  តំណាងមជ្ឈមណ្ឌលជាតិ មន្ត្រីអនុវត្តក្នុងគម្រោងមូលនិធិសកល ព្រមទាំងអង្គការដៃគូរផ្សេងៗទៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7