Cambodia
⬆️ 0%
New Details

Image
មន្ទីរពេទ្យហ្លួងម៉ែ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន មុនដាក់ដំណើរការក្នុងដំណាក់កាលទី១ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
September 14, 2024

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យហ្លួងម៉ែ  ដោយមានការអញ្ជើញចូលរួមពី លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យហ្លួងម៉ែ រួមនិងសមាជិក សមាជិកាក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យហ្លួងម៉ែ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យហ្លួងម៉ែ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ និងអ្នកជំងឺទាំងអស់ដែលអញ្ជើញមកទទួលសេវានៅមន្ទីរពេទ្យហ្លួងម៉ែ ដែលគ្រោងនឹងដាក់ឱ្យដំណើរការក្នុងដំណាក់កាលទី១ ផ្នែកពិគ្រោះជំងឺក្រៅ និងការស្រាវជ្រាវរកជំងឺមហារីក។

មន្ទីរពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេសជំងឺមហារីក ដែលត្រូវបានបង្កើតឡើងតាមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបន្តការគាំទ្រអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចជាពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលមន្ទីរពេទ្យនេះ បានរៀបចំជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធរួចរាល់ក្នុងដំណាក់កាលទី១ នឹងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ ហើយមន្ទីរពេទ្យគ្រោងនឹងបើកដំណើរការពេញលេញជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6