មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៤
September 26, 2024
ទីក្រុងញូវយ៉ក៖ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការី បានអញ្ជើញចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៤។
ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុង Side Events នាពេលព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលកិច្ចពិភាក្សាក្រោមប្រធានបទស្តីពី "Revitalized Multilateralism: Recommitting to ending AIDS together" ដែលមានគោលបំណងទៅលើ៖ ១) បង្ហាញនូវសមិទ្ធផលនានាដែលសម្រេចបាន និងប្តេជ្ញាចិត្ត ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០។ ២) គាំទ្រសម្រាប់ការដឹកនាំនយោបាយកម្រិតខ្ពស់ និងការចូលរួម ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០៣០។ ៣) បង្ហាញពីការសាមគ្គីភាពជាសកលសម្រាប់សកម្មភាពពហុភាគីប្រកបដោយប្រសិទ្ធភាព។ ៤) ធ្វើការប្តេជ្ញាចិត្តឡើងវិញផ្នែកនយោបាយ និងហិរញ្ញវត្ថុ ដើម្បីបញ្ចប់ជំងឺអេដស៍។ កិច្ចប្រជុំនេះ រៀបចំឡើងដោយ UNAIDS, Global Fund, PEPFAR និងប្រទេសជាសមាជិកអង្គការសហប្រជាជាតិមានចំនួនសរុបប្រមាណ ១៥០រូប។
ជាកិច្ចបន្ទាប់ នាពេលរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវរដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាបន្ត ក្រោមប្រធានបទស្តីពី "From Policy to Action: Successful Implementation of Multisectoral AMR programs in LMICs" ដែលមានគោលបំណងទៅលើ៖ ១) ចែករំលែកបទពិសោធន៍ក្នុងប្រទេសក្នុងការកាត់បន្ថយភាពស៊ាំនឹងឱសថប្រឆាំង ( AMR) និងផ្តល់នូវឧទាហរណ៍នៃការធ្វើអន្តរាគមន៍របស់ AMR ដែលទទួលបានជោគជ័យនៅក្នុងអភិក្រមសុខភាពតែមួយ( One Health) ។ ២) ផ្តល់ឱកាសដើម្បីពិភាក្សា និងធ្វើការផ្លាស់ប្តូរការអនុវត្តល្អសម្រាប់ធ្វើអន្តរាគមន៍នៅទូទាំងប្រទេស និងតំបន់ដើម្បីកាត់បន្ថយ AMR ។ ៣) ឆ្លុះបញ្ចាំងពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពី AMR និងរៀមចំផែនការអនុវត្តនិងទទួលបានអនុសាសន៍គោលនយោបាយដែលមានសក្តានុពលពីកិច្ចប្រជុំកម្រិតខ្ពស់ ដើម្បីជូនដំណឹង និងពង្រីកកិច្ចអន្តរាគមន៍ថ្នាក់ជាតិ និងមូលដ្ឋានបន្ថែមទៀត។ កិច្ចប្រជុំនេះ រៀបចំឡើងដោយ World Medical Association, International Center for Antimicrobial Resistance Solutions និងប្រទេសជាសមាជិកអង្គការសហប្រជាជាតិមានចំនួនសរុបប្រមាណ ១០០រូប។