Cambodia
⬆️ 0%
New Details

Image
សិក្ខាសាលាបច្ចេកទេសកម្រិតខ្ពស់ ស្តីពីការធ្វើឱ្យមានភាពស្របគ្នានៃធនធាន និងការអនុវត្តន៍ កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង សម្រាប់ការគ្របដណ្តប់សេវាសុខភាពជាសកល ប្រកបដោយចីរភាព សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច និងតំបន់អាស៊ីអាគ្នេយ៍
September 26, 2024

ទីក្រុងបាងកក៖ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាលចូលរួម  សិក្ខាសាលាបច្ចេកទេសកម្រិតខ្ពស់ ស្តីពីការធ្វើឱ្យមានភាពស្របគ្នា នៃធនធាន និងការអនុវត្តកម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង សម្រាប់ការគ្របដណ្តប់សេវាសុខភាពជាសកល ប្រកបដោយចីរភាព សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច និងតំបន់អាស៊ីអាគ្នេយ៍ (High Level Technical Meeting: Aligning Resources and Implementation of Disease Programs for Sustainable and Enhanced UHC in the Western Pacific and Southeast Asia Regions) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៍។ 

គោលបំណងនៃអង្គសិក្ខាសាលារួមមាន៖ (១) រៀបចំយុទ្ធសាស្រ្តសកម្មភាព សម្រាប់ការធ្វើអន្តរកាល កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង ពិសេសការងារប្រយុទ្ធនឹងជំងឺអេដស៍  របេង និងគ្រុនចាញ់ ទៅកាន់ចីរភាពទាំងផ្នែកកម្មវិធី និងថវិកា តាមរយៈការធ្វើសមាហរណកម្ម និងការធ្វើឱ្យមានភាពស្របគ្នា នៃធនធានតាមតម្រូវការដោយឡែករបស់ប្រទេស (២) ធ្វើការពិនិត្យមើលឡើងវិញជាលម្អិតនូវគោលនយោបាយ និងសេចក្តីណែនាំ ដែលមានស្រាប់ ដើម្បីកំណត់រកផ្នែកណាដែលអាចធ្វើការពង្រឹង ឬធ្វើឱ្យប្រសើរឡើង (៣) ពង្រឹងកិច្ចសហការក្នុងចំណោមភាគីដៃគូពាក់ព័ន្ធ ដើម្បីសម្របសម្រួលសកម្មភាព និងការរៀនសូត្រពីគ្នាទៅវិញទៅមកដោយផ្តល់សារៈសំខាន់ដល់តួនាទីរបស់អង្គការសង្គមស៊ីវិល និងបណ្តាញសហគមន៍ (៤) រួមបញ្ចូលសំយោគចំណេះដឹងរួមជាមួយនឹងតម្រូវការជំនួយបច្ចេកទេសសំដៅបង្កើនចំណេះ និងការយល់ដឹងដល់អ្នករៀបចំគោលនយោបាយ ដោយផ្តោតលើដំណោះស្រាយហិរញ្ញប្បទានសុខាភិបាលប្រកបដោយនវានុវត្តន៍ ដែលមានលក្ខណៈស្របគ្នានឹងទស្សននៃភាគីដៃគូ។

អង្គសិក្ខាសាលានេះ បានរៀបចំដោយ ភាគីចំរុះរួមមាន មូលនិធិសកលសម្រាប់ប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ (GF) អង្គការ WHO USAID JICA UNAIDS ធនាគារពិភពលោក (World Bank) និង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយនឹងភាគីពាក់ព័ន្ធ។ 

សូមបញ្ជាក់ផងដែរថា  សមាសភាពសិក្ខាកាមអញ្ជើញចូលរួមមានមកពីបណ្តាប្រទេសចំនួន ១៩ ក្នុងតំបន់ទាំងពីរ ដែលជាអ្នកជំនាញផ្នែកសុខាភិបាល និងផ្នែកហិរញ្ញវត្ថុ, តំណាងមូលនិធិសកល, អង្គការសុខភាពពិភពលោក, អង្គការ USAID, UNAIDS, JICA, World Bank, ADB និងតំណាងមកពី ភាគីពាក់ព័ន្ធ សរុបមានចំនួនប្រមាណ ១៤៣រូប។

Image 1
Image 2
Image 3
Image 4