ខេត្តកណ្ដាល៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោមការចង្អុលបង្ហាញពីឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះអភិបាលគាំទ្រក្រោយបណ្តុះបណ្តាលផ្នែកសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យបង្អែកចំនួន៣រួមមាន៖មន្ទីរពេទ្យបង្អែកស្អាង មន្ទីរពេទ្យបង្អែកកៀនស្វាយ និងមន្ទីរពេទ្យបង្អែកកណ្ដាលស្ទឹង ដើម្បីពិនិត្យអំពីលំហូរ សេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងពិនិត្យនីតិវិធីស្តង់ដានៃប្រព័ន្ធបញ្ជូនអ្នកជំងឺ រួមដំណើរដោយក្រុមការងារបច្ចេកទេស លោកសាស្រ្ដាចារ្យ ស៊ុយ សុវណ្ណារ៉ា គ្រូបង្គោលមកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្រ្ដីនាយកដ្ឋានមន្ទីរពេទ្យ។
គោលបំណងចម្បងនៃការចុះអភិបាល ៖
១/ ពិនិត្យប្រព័ន្ធបញ្ជូនអ្នកជំងឺសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់
២/ ការត្រួតពិនិត្យនីតិវិធីបញ្ជូន
៣/ ការពិនិត្យសម្ភារៈ បរិក្ខារ រថយន្តសង្គ្រោះបន្ទាន់និងអាគារមន្ទីរពេទ្យ
៤/ ពង្រឹងសមត្ថភាពបច្ចេកទេសក្រោយបណ្តុះបណ្តាល
៥/ ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយ។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំដល់បុគ្គលិកក្នុងមន្ទីរពេទ្យ ត្រូវយកចិត្តទុកដាក់លើការពិនិត្យ ព្យាបាលអ្នកជំងឺ និងត្រូវខិតខំស្វែងយល់នូវចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីជំរុញលើកកម្ពស់គុណភាពសេវាសុខាភិបាលកាន់តែប្រសើរ និងទទួលបានការទុកចិត្តពីប្រជាជនកាន់តែច្រើន ជាមួយគ្នានេះដែរក៏ត្រូវមានការចូលរួមសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងវិធីនៃការបញ្ជូន និងសេវាសង្គ្រោះបន្ទាន់ ដើម្បីពង្រឹងវិស័យសេវាសុខាភិបាលឱ្យកាន់តែមានគុណភាព។
ជាចុងក្រោយឯកឧត្តមសាស្ត្រាចារ្យអនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុកពីឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តី សុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅក្នុងគ្រប់មូលដ្ឋាន។