សិក្ខាសាលាស្ដីពី «ការផ្សព្វផ្សាយបទបញ្ញត្តិសវនកម្ម និងនីតិវិធីសវនកម្មលើគម្រោង លើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២»
October 10, 2024
ថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល ឯកឧត្ដម សុខ សំអាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញ ជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការផ្សព្វផ្សាយបទបញ្ញត្តិសវនកម្ម និងនីតិវិធីសវនកម្មលើគម្រោង លើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២» នៅសណ្ឋាគារ រីជិនស៊ីអង្គរ ខេត្តសៀមរាប។
សិក្ខាសាលានេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០២៤ ក៏មានការអញ្ជើញចូលរួម ឯកឧត្ដមសាស្ត្រាចារ្យ ម៉ុក ធាវី លោក-លោកស្រីតំណាងអង្គភាពថ្នាក់កណ្តាល និងរាជធានី-ខេត្តទាំង២៥ សរុបចំនួន ៩៦រូប ដែលមានគោលបំណងផ្តោតសំខាន់លើការផ្សព្វផ្សាយនូវលិខិតបទដ្ឋានគតិយុត្តសវនកម្ម ដំណើរការនិងការអនុវត្តនីតិវិធីសវនកម្មផ្ទៃក្នុង ការស្វែងយល់មូលដ្ឋានគ្រឹះនិងមាតិកាគម្រោង និងការអនុវត្តនីតិវិធីនិងការគ្រប់គ្រងហិរញ្ញវត្ថុគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ជូនអង្គសិក្ខាសាលាផងដែរថា ការងារសវនកម្មផ្ទៃក្នុង ពិតជាមានសារៈសំខាន់ និងជាយន្តការជំនួយដល់ការតាមដាន និងត្រួតពិនិត្យនូវប្រសិទ្ធភាពនៃការដឹកនាំ គ្រប់គ្រងអង្គភាព ក៏ដូចជាការអនុវត្តសកម្មភាពឱ្យកាន់តែល្អប្រសើរ។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះសហការរៀបចំដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងនាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ និងគាំទ្រថវិកាដោយគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២។