ពីធីបើកសិក្ខាសាលាការដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងបង្កើនវិសាលភាព សេវាកំហុសកំណុំរូបភាព ដំណាក់កាលទី២ (SURES-II) និងចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោកឆ្នាំ២០២៤
October 10, 2024
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹកនៅសណ្ឋាគារ កាំបូឌីយ៉ាណាភ្នំពេញ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាជាអធិបតីក្នុងពិធីបើកសិក្ខាសាលា «ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងបង្កើនវិសាលភាព សេវាកំហុសសំណុំរូបភាពដំណាក់កាលទី២ និងចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោកឆ្នាំ២០២៤» ដែលមានសមាសភាពមកពីក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ អភិបាលរងនៃគណៈអភិបាលខេត្ត មន្ទីរសុខាភិបាលខេត្ត និងអង្គការមិនមែនរដ្ឋាភិបាលព្រមទាំងដៃគូអភិវឌ្ឍន៍សរុបចំនួន១២០នាក់។
សិក្ខាសាលានេះរៀបចំឡើងមួយថ្ងៃពេញ ក្នុងគោលបំណងដាក់ឱ្យអនុវត្តជាផ្លូវការ នូវគម្រោងបង្កើនវិសាលភាពសេវាកំហុសសំណុំរូបភាពដំណាក់កាលទី២ និងចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោកឆ្នាំ២០២៤។
លើកឡើងក្នុងឱកាសនេះ ឯកឧត្ដមវេជ្ជបណ្ឌិត លី ឈួង បានមានប្រសាសន៍ថា គម្រោងនេះមានទិសដៅបន្តចូលរួមពង្រឹងគុណភាព ពង្រីកវិសាលភាពសេវាសុខភាពភ្នែក ជាពិសេសបញ្ហាកំហុសសំណុំរូបភាព និងគំហើញថយចុះ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងពង្រឹងកិច្ចសហការអន្តរក្រសួង និងដៃគូពាក់ព័ន្ធទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមវេជ្ជបណ្ឌិត បានបន្ថែមទៀតថា គម្រោងនេះជាធនធានដ៏មានសារៈសំខាន់ក្នុងការអនុវត្តផែនការសកម្មភាពជាអាទិភាព នៃផែនការជាតិ និងផែនទីបង្ហាញផ្លូវ សម្រាប់គ្រប់គ្រង និងបង្ការភាពពិការភ្នែកនៅព្រះរាជជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិតបាន ផ្តល់ជាអនុសាសន៍ដូចខាងក្រោម៖
• បន្តយន្តការ និងអនុវត្តសកម្មភាព ដែលមានស្រាប់ដែលបានកំណត់នៅផែនការយុទ្ធសាស្រ្តនិងផែនទីបង្ហាញផ្លូវសម្រាប់ថ្នាក់ក្រោមជាតិស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ដែលដាក់ឱ្យអនុវត្ត ជាផ្លូវការកន្លងមកដោយធានាបាននូវការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍។
• បន្តពង្រឹងកិច្ចសហការជាមួយអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងនេះ។
• ជំរុញការចូលរួមរបស់សហគមន៍ ក្នុងការបង្ការភាពពិការភ្នែក និងគំហើញថយចុះ ដែលអាចចៀសវាងបាន ជាពិសេសក្នុងចំណោមប្រជាជនដែលងាយរងគ្រោះ ដូចជាទារកកើតមិនគ្រប់ខែ សិស្សសាលា ស្ត្រី ជនពិការ និងអ្នកដែលមានអាយុចាប់ពី ៥០ឆ្នាំឡើង។
• ធ្វើទំនើបកម្មនិងពង្រីកបន្ថែម ផ្នែកចក្ខុរោគ ប្រកបដោយនវានុវត្តន៍ ឌីជីថល និងគុណភាព ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ។
• ពង្រីកវិសាលភាពសេវាសុខភាពភ្នែកឱ្យបានគ្របដណ្តប់នៅមន្ទីរពេទ្យបង្អែក CPA-2 នៅទូទាំងប្រទេស។
• សូមឱ្យមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្ដល់សេវាជូនប្រជាជននៅក្នុងមូលដ្ឋាន។
• ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានស្រាប់ និងពង្រីកជាមួយដៃគូថ្មីៗបន្ថែមទៀត រួមទាំងវិស័យឯកជនផងដែរ ដើម្បីគាំទ្របំផុសការយល់ដឹង និងជំរុញការទៅទទួលសេវាសុខភាពភ្នែករបស់ប្រជាពលរដ្ឋ។