សិក្ខាសាលា ស្តីពីការបង្កើតរបៀបវារៈជាតិសម្រាប់ការស្រាវជ្រាវក្នុងប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជា
October 10, 2024
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពី “ការបង្កើតរបៀបវារៈជាតិសម្រាប់ការស្រាវជ្រាវក្នុងប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជា” ដែលរៀបចំដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ។
សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណងបង្ហាញបច្ចុប្បន្នភាព នៃផែនការបង្កើតរបៀបវារៈជាតិ សម្រាប់ការស្រាវជ្រាវប្រព័ន្ធសុខាភិបាល ដែលរាប់បញ្ចូលទាំងបញ្ជី នៃចំនុចអាទិភាព និងចំណាត់ថ្នាក់តាមផ្នែក សម្រាប់ការសិក្សាស្រាវជ្រាវដែលបានកែសម្រួល និងដើម្បីពិភាក្សាអំពីសក្តានុពលក្នុងការប្រើប្រាស់របៀបវារៈជាតិសម្រាប់ការស្រាវជ្រាវ ក្នុងប្រព័ន្ធសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាព និងផលវិជ្ជមាននៅក្នុងប្រព័ន្ធសុខាភិបាលតាមរយៈផែនការ អភិបាលកិច្ច និងការសម្របសម្រួលលើកិច្ចការនេះ។
អង្គសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ទីប្រឹក្សា លោក លោកស្រី តំណាង នាយកដ្ឋាន អង្គភាពថ្នាក់កណ្តាល តំណាងមន្ទីរសុខាភិបាល តំណាងដៃគូអភិវឌ្ឍន៍ ស្ថាប័ន និង អ្នកពាក់ព័ន្ធការងារសិក្សាស្រាជ្រាវ ចូលរួមទាំងអស់ មានប្រមាណ៥០រូប។