Cambodia
New Details

Image
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពិនិត្យមរណភាពមាតា និង​ទារក ជុំវិញកំណើត និង​ការឆ្លើយតប សម្រាប់មន្ទីរពេទ្យជាតិ (ToT MPDSR training for National hospitals)
July 14, 2025

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល គ្រូបង្គោលស្តីពីការពិនិត្យមរណភាពមាតា និង​ ទារក ជុំវិញកំណើត និង​ការឆ្លើយតបសម្រាប់មន្ទីរពេទ្យជាតិ ចំនួន០៦ ដែលមានរយៈពេល៥ថ្ងៃ ពីថ្ងៃទី០៧ ដល់ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យព្រះអង្គឌួង បានបញ្ចប់ដោយជោគេជ័យ។ ​វគ្គបណ្តុះបណ្តាល​នេះបានរៀបចំឡើងដោយគណ:កម្មការពិនិត្យមរណភាពមាតា និង​ ទារក ជុំវិញ​កំណើត​ និងការឆ្លើយតបថ្នាក់ជាតិ និងមានការឧបត្ថម្ភដោយ​ អង្គការ​ UNFPA។

លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ​ បានសំដែងនូវមោទនភាព និងអបអរសាទរចំពោះ​លទ្ធផល​​​សមត្ថភាពរបស់សិក្ខាកាមបង្ហាញថាការយល់ដឹងពីការងារពិនិត្យ​ស្រាវជ្រាវមរណភាព​មាតា និង​ទារក​ ជុំវិញកំណើត និងការឆ្លើយតប (MPDSR) ជាមធ្យមកើនឡើង​៦៦%មុនវគ្គ ទៅ ៩០% ក្រោយវគ្គ​បណ្តុះបណ្តាល។ ​

ក្នុងឱកាសនៃការបិទវគ្គបណ្តុះបណ្តាលនេះផងដែរ លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ និងផ្តាំផ្ញើរដល់សមាជិក សមាជិការរបស់​ គណកម្មកា​រ​ពិនិត្យ​មរណភាពមាតា និង​ទារក ជុំវិញកំណើត និងការឆ្លើយតប ថ្នាក់មន្ទីរពេទ្យជាតិដែល​បានសិក្សារយះពេល​៥ថ្ងៃនេះថា៖ ១) យកចំណេះដឹងទាំងនេះដើម្បី​ជួយបណ្តុះបណ្តាលបន្ត​ដល់បុគ្គលិកដែលពាក់ព័ន្ធ​ក្នុង​មន្ទីរពេទ្យរបស់ខ្លួន និងប្រើប្រាស់លិខិតវេជ្ជសាស្រ្តមូលហេតុមរណភាព [MCCD] កត្តារួមចំណែក​នៃ​ការ​ពន្យាពេលទាំង៣ [Modifiable contributing factors] និងផែនការឆ្លើយតប ២) ត្រៀម​រៀបចំ​ផែន​ការ​បណ្តុះបណ្តាលដល់មន្ទីរពេទ្យសម្ព័ន្ធមេត្រីនៅពេល​ខាង​​មុខ។​ សម្រាប់គ្រូបង្គោលថ្នាក់ជាតិ បន្តរៀបចំ​បណ្តុះបណ្តាលសម្រាប់គណៈកម្មការ MPDSR ថ្នាក់ខេត្ត ដោយសហការជាមួយមន្ទីរពេទ្យថ្នាក់ជាតិ។ 

ជាទីបញ្ចប់លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ ក៏បានស្នើសុំដល់ UNFPA WHO និង​ដៃគូអភិវឌ្ឍន៍​ផ្សេងៗទៀត បន្តគាំទ្រផែនការបណ្តុះបណ្តាលដល់ថ្នាក់ខេត្ត និងនៅមូលដ្ឋាន​សុខាភិបាល​ ដើម្បីធានាបាន​នូវប្រសិទ្ធភាព គាំទ្រឱ្យបង្កើតប្រព័ន្ធគ្រប់គ្រង MPDSR និងពង្រឹងសមត្ថភាព​មន្រ្តី​សុខា​ភិបាល​​អំពីការ​គ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល។ លោកជំទាវសាស្ត្រាចារ្យ បានថ្លែងអំណរ​គុណ​ដល់ អង្គការ ​UNFPA WHO ដែលតែងតែជួយក្រសួងសុខាភិបាលលើ​ការងារជាច្រើន ដែលទាក់ទង​នឹងសុខភាពមាតា និងទារក និងសុខភាពផ្លូវភេទ ជាពិសេសថ្លែងអំណរគុណ​ចំពោះមន្ទីរពេទ្យ​ព្រះអង្គឌួង​ដែលបានផ្តល់ទីតាំងបណ្តុះបណ្តាលយ៉ាងសមរម្យ និងចូលរួមរៀបចំបានយ៉ាងល្អ។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្ទីរពេទ្យចំនួន៦ ជាសាស្ត្រាចារ្យ ​វេជ្ជបណ្ឌិត និងឆ្មប (ជា​អនុប្រធាន​មន្ទីរពេទ្យ  ប្រធានបច្ចេកទេស ប្រធានផ្នែកសម្ភព ប្រធានផ្នែកទារក ប្រធានផ្នែកសណ្តំ-សង្គ្រោះបន្ទាន់, នាយសាលសម្ភព និងនាយសាសផ្នែកទារក) មកពីមន្ទីរពេទ្យកាល់ម៉ែត  មន្ទីរពេទ្យខ្មែរ-សូវៀត មន្ទីរពេទ្យគន្ធបុប្ផា  មន្ទីរពេទ្យជ័យវរ្ម័នទី៧  មន្ទីរពេទ្យជាតិតេជោសន្តិភាព និង​មន្ទីរពេទ្យ​កុមារជាតិ សរុបចំនួន៣៣រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11