Cambodia
New Details

Image
ការចូលជួបសម្តែងការគួរសម និងពិភាក្សាការងាររបស់គណៈប្រតិភូ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
October 14, 2024

នាព្រឹកថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួប លោក NAGASE Kensuke រដ្ឋមន្ត្រី និងជាអនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុន ដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានសម្តែងការអបអរសាទរចំពោះ លោក NAGASE Kensuke សម្រាប់ទទួលបានការតែងតាំងថ្មី និងសូមថ្លែងអំណរគុណដល់រាជដ្ឋាភិបាល និងប្រជាជន ជប៉ុន ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលតាមរយៈការចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា និងផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងដល់វិស័យសុខាភិបាល ដូចជាសាងសង់មូលដ្ឋានសុខាភិបាល និងផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រនៅតាមមន្ទីរពេទ្យខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ការពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាលជាច្រើន តាំងពីដំណាក់កាលលំបាករហូតមកដល់បច្ចុប្បន្ន​ ជាពិសេស​ក្នុង​អំឡុង​ពេល​ នៃការ​រាតត្បាត​នៃ​ជំងឺ​ ឆ្លង​កូវីដ​ ១៩​ ជា​សាកល​។  កម្ពុជា និងជប៉ុននៅតែបន្តពង្រឹងកិច្ចសហការឱ្យកាន់តែរឹងមាំថែមទៀតលើវិស័យអាទិភាពជាច្រើនដូចជា៖ គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យថ្នាក់តំបន់ ព្រមទាំងផ្តល់ជូននូវសម្ភារបរិក្ខារពេទ្យ និងគម្រោងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងកាកសំណល់នៅម្ពុជា។

ជាការឆ្លើយតប លោក NAGASE Kensuke រដ្ឋមន្ត្រី និងជាអនុប្រធានបេសកកម្មថ្មី នៃស្ថានទូតជប៉ុន បានថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល ដែលបានសហការ សម្របសម្រួល ក្នុងរយៈពេល ច្រើន​ឆ្នាំកន្លង​មកនេះ និងការគាំទ្រក្នុងការចាប់ផ្តើមគម្រោងមួយចំនួនដូចជា គម្រោងកម្ចីឥណទានការធ្វើឱ្យប្រសើរឡើងនូវមន្ទីរពេទ្យថ្នាក់តំបន់ និងគម្រោងការបង្កា និងទប់ស្កាត់ជំងឺមិនឆ្លងនៅកម្ពុជា។ លោក NAGASE Kensuke ក៏បាន​គូសបញ្ជាក់​ពី​ការ​គាំទ្រ​ដល់​ រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អនុវត្ត​ផែនទី​ចង្អុល​ផ្លូវ​ឆ្ពោះ​ទៅ​សម្រេច​ គោលដៅ​ ឆ្នាំ​២០៣៥​ ក៏​ដូច​ជា​គោលជំហរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល បន្ថែមទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

ជាចុងបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណ​ ដល់​គណ:ប្រតិភូ​ និង​សហការី​ទាំង​អស់​ ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ ដេីម្បី​ឈានទៅ​សំរេច​គោលដៅ​ដោយ​ជោគជ័យ​។

Image 1
Image 2
Image 3
Image 4
Image 5
Image 6