Cambodia
⬆️ 0%
New Details

Image
ទិវាទឹកនោមផ្អែមពិភពលោក២០២៤ ក្រោមប្រធានបទ"ជំនះឧបសគ្គ ដោះស្រាយបញ្ហាជំងឺទឹកនោមផ្អែម និងសុខុមាលភាព"
November 20, 2024

ខេត្តកំពត៖ នាព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្ដម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីទិវាទឹកនោមផ្អែមពិភពលោក២០២៤ ក្រោមប្រធានបទ"ជំនះឧបសគ្គ ដោះស្រាយបញ្ហាជំងឺទឹកនោមផ្អែម និងសុខុមាលភាព" ។
 
ទិវាទឹកនោមផ្អែម មានគោលបំណង៖
១).ដើម្បីលើកកម្ពស់ការយល់ដឹង ការអប់រំ ការពារព្យាបាល និងការថែទាំជំងឺទឹកនោមផ្អែមយ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋទូទៅ។
២).លើកកម្ពស់ការយល់ដឹង ពីផលប៉ះពាល់ផ្សេងៗដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម។
៣).បង្កើតកិច្ចសហប្រតិបត្តិការក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធរួមគ្នាប្រយុទ្ធប្រឆាំងការកើនឡើងនៃជំងឺទឹកនោមផ្អែម។
 
ថ្លែងនៅក្នុងទិវាទឹកនោមផ្អែមពិភពលោក ២០២៤ ឯកឧត្តមរដ្ឋលេខាធិការ បានគូសរំលេចអំពីចំណុចសំខាន់ៗមួយចំនួនដើម្បីទប់ស្កាត់នៃការកើនឡើងជំងឺមិនឆ្លងពិសេសជំងឺទឹកនោមផ្អែមដែលក្នុងនោះរួមមាន ការផ្លាស់ប្ដូរឥរិយាបថរបៀបរបបនៃការរស់នៅ ដោយបង្កើនសកម្មភាពរាងកាយដូចជាការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ការបរិភោគចំណីអាហារប្រកបដោយសុខភាពដោយកាត់បន្ថយអាហារដែលមានជាតិ ប្រៃ ផ្អែម និងជាតិខ្លាញ់ ចៀសវាងការពិសាគ្រឿងស្រវឹងនិងបារី។
 
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តនិងណែនាំទៅដល់ប្រជាពលរដ្ឋទាំងអស់ឱ្យទៅទទួលយកការស្រាវជ្រាវរកជំងឺទឹកនោមផ្អែមនៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុតដើម្បីបានដឹងទាន់ពេលវេលានៃការមានជំងឺទឹកនោមផ្អែមនៅក្នុងខ្លួននិងឆាប់បានទទួលសេវាព្យាបាលទាន់ពេលវេលាចៀសវាងការយឺតយ៉ាវស្វែងរកជំងឺនេះដោយទុករហូតដល់លេចឡើងនៅផលវិបាកមួយចំនួនហើយនោះអ្នកជំងឺទឹកនោមផ្អែមអាចនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរទៅដល់អាយុជីវិត។
 
កម្មវិធីនេះរៀបចំនៅបរិវេណសាលាខេត្តកំពត ដោយមានអញ្ជើញចូលរួមពី មន្រ្តីមកពីនាយកដ្ឋានការពារសុខភាព កម្មវិធីជាតិសុខភាពភ្នែក មន្ទីរសុខាភិបាលខេត្តកំពត និងមន្ទីរអង្គភាពជុំវិញខេត្តក្រុង-ស្រុក អង្គការជាតិនិងអន្ដរជាតិ មន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ ស្នងការដ្ឋាននគរបាល កងកម្លាំង និងប្រជាជន/ក្រុមទ្រទ្រង់សុខភាពភូមិ សរុបប្រមាណ ៣០០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7