ពិធីប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ ភូមិគំរូ ចំនួន ៣០ភូមិ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
December 10, 2024
ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម សុខ សំអាង រដ្ឋលេខាធិការក្រសួង បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ «ភូមិគំរូ» ដល់ភូមិចំនួន ៣០ភូមិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
យោងតាមប្រកាសស្ដីពី ការកំណត់លក្ខណៈសម្បត្តិភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចែងថា ភូមិគំរូ សំដៅដល់ “ភូមិដ្ឋានដែលមានសុខដុមនីយកម្ម និងការចូលរួមរបស់ប្រជាជនក្នុងភាពជាម្ចាស់ ធានាបាននូវចរន្តសេដ្ឋកិច្ច និងនិរន្តរភាពកំណើនប្រាក់ចំណូលគ្រួសារ ទទួលបានប្រសិទ្ធភាពនៃសេវាសង្គមកិច្ច មានសុខភាព និងបរិស្ថានរស់នៅល្អ ហេដ្ឋារចនាសម្ព័ន្ធសមស្រប និងអភិបាលកិច្ចល្អ” តាមរយៈការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យចំនួន៥ រួមមាន៖ (១)សេដ្ឋកិច្ច (២)សង្គម និងវប្បធម៌ (៣)សុខភាព និងបរិស្ថានរស់នៅ (៤)ហេដ្ឋារចនាសម្ព័ន្ធ និង(៥)អភិបាលកិច្ច។
តាមរយៈលទ្ធផល នៃការវាយតម្លៃរបស់គណៈកម្មការ បានសម្រេចទទួលស្គាល់ភូមិគំរូចំនួន ៣០ភូមិ ដែល ទទួលបានចំណាត់ថ្នាក់ដូចតទៅ៖ ភូមិគំរូ ទទួលបានចំណាត់ថ្នាក់ផ្កាយ៣ មានចំនួន ០២ភូមិ, ភូមិគំរូ ទទួលបានចំណាត់ថ្នាក់ផ្កាយ២ មានចំនួន ១៦ភូមិ និងភូមិគំរូ ទទួលបានចំណាត់ថ្នាក់ផ្កាយ១ មានចំនួន ១២ភូមិ។
ពិធីទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងស្ថាប័ន អង្គការ ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ខេត្ត ស្រុក ជាពិសេស ប្រជាពលរដ្ឋដែលជាគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ) តំណាងភូមិគំរូ ទាំង៣០ សរុបចំនួន ៣០៤នាក់៕