Cambodia
ព័ត៌មានលំអិត

Image
សន្និសីទប្រចាំឆ្នាំលើកទី៨ ស្តីពី វេទិកាវប្បធម៌ពិភពលោកតៃហ៊ូ (8th Annual Conference of TAIHU World Cultural Forum) ក្រោមមូលបទ៖ «ការរៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងចំណោមអរិយធម៌ និងទំនើបកម្មចិន»
ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៥

សាធារណរដ្ឋប្រជាមានិតចិន៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត ហ៊ុយ ម៉េងហ៊ត់ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំលើកទី៨ ស្តីពី វេទិកាអរិយធម៌ពិភពលោកតៃហ៊ូ (Taihu) ក្រោមមូលបទ «ការរៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងចំណោមអរិយធម៌ និងទំនើបកម្មចិន»។

នេះជាវេទិកា អង្គការមិនមែនរដ្ឋាភិបាលវប្បធម៌អន្តរជាតិកម្រិតខ្ពស់ ដែលត្រូវបានបង្កើតឡើងដោយសាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ២០០៨។ វេទិកាត្រូវបានរៀបចំជាទៀងទាត់រៀងរាល់២ឆ្នាំម្តង លើកលែងតែក្នុងអំឡុងពេលនៃការរាលដាលជំងឺកូវីដ១៩ ក្នុងគោលបំណង បើកចំហប្រទេសចិនទៅកាន់ពិភពលោក ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសចិន ជាមួយប្រទេសនានាជុំវិញពិភពលោក ព្រមទាំងបង្កើនកិច្ចសន្ទនា ក្នុងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងអរិយធម៌ផ្សេងៗគ្នា។ 

វេទិកានេះត្រូវបានរៀបចំឡើងដោយរួមបញ្ចូលវេទិកាជាច្រើន ទៅតាមវិស័យផ្សេងៗ ដែលក្នុងនោះមានវិស័យសុខាភិបាលផងដែរ។ ក្នុងឆ្នាំ២០២៥ គឺ វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់ការអភិវឌ្ឍន៍ឱសថបុរាណចិន (Belt and Road Forum for Traditional Chinese Medicine Development) 

ដែលគណៈប្រតិភូក្រសួងសុខាភិបាល បានចូលរួមក្នុងនោះមាន៖ ១) ពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៨ ស្តីពីវេទិកាវប្បធម៌ ពិភពលោកតៃហ៊ូ (8th Annual Conference of TAIHU World Cultural Forum) ២) វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់ការអភិវឌ្ឍន៍ឱសថបុរាណចិន (Belt and Road Forum for Traditional Chinese Medicine Development) និង៣) វេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់ស្ត្រី (The Belt and Road Women's Forum) ដោយមានការចូលរួមពីតំណាងគណៈកម្មាធិការជាន់ខ្ពស់ សុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន គណបក្សកុម្មុយនីសចិន ប្រតិភូពីបណ្តាប្រទេសដៃគូសន្ទនា ដូចជា អង់ហ្គោឡា ដូមីនីកា គុយបា ម៉ាល់ឌីវ កូឡុំប៊ី និងម៉ារ៉ុក ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន។

ក្នុងនោះដែរ លោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញចូលរួមពិធីបើកវេទិកា និងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់ស្ត្រី។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Li Xikui អនុប្រធានសមាគមមិត្តភាពចិនជាមួយបណ្តាប្រទេសនានា និងជាប្រធានមូលនិធិមិត្តភាពចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ដើម្បីពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យវេជ្ជសាស្រ្តបុរាណ។ ភាគីមិត្តចិនបានសម្តែងនូវការគាំទ្រក្នុងការពង្រឹងសមត្ថភាពវេជ្ជសាស្រ្តបុរាណនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកកិច្ចសហការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើបទអន្តរាគមន៍ក្នុងវេទកាតុមូល នៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់ការអភិវឌ្ឍន៍ឱសថបុរាណចិន ដោយសង្កត់ធ្ងន់អំពីវឌ្ឍនភាព នៃវិស័យសុខាភិបាលកម្ពុជា រួមទាំងវេជ្ជសាស្រ្តបុរាណ។ ឯកឧត្តមក៏បានគូសរំលេចអំពីសារសំខាន់ នៃចំណងសាមគ្គីភាពជាប្រពៃណី មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជន៍កម្ពុជា-ចិន ដែលបានចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាល ព្រមទាំងស្វាគមន៍កិច្ចសហការ ផ្នែកវេជ្ជសាស្រ្តបុរាណ រួមមាន៖ ១-អភិវឌ្ឍ និងពង្រឹងការអនុវត្តច្បាប់ គោលនយោបាយ និងបទប្បញ្ញត្តិ ២-ពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស ទាំងការបណ្តុះបណ្តាលរយៈពេលវែង និងរយៈពេលខ្លី ដល់និស្សិតពេទ្យ និងគ្រូឱសថបុរាណ ៣-ការស្រាវជ្រាវ និងការអភិវឌ្ឍផលិតផលឱសថបុរាណរួមគ្នា ៤-ការអភិវឌ្ឍន៍ និងការគ្រប់គ្រងប្រព័ន្ធព័ត៌មានឱសថបុរាណ។

សូមបញ្ជាក់ផងដែរថា វេទិកានេះត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នពាណិជ្ជកម្មជាតិ និងអន្តរជាតិ របស់សាធារណរដ្ឋប្រជាមានិតចិន ដែលជាសកម្មភាពដ៏សំខាន់មួយក្នុងគម្រោង "ខ្សែក្រវ៉ាត់ និងផ្លូវ " ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការកសាងសហគមន៍រួមប្រកបដោយចីរភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7