Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រង និងការបម្រើសេវាសាធារណៈរបស់អង្គភាពបម្រើសេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤
ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៥

ខេត្តកោះកុង៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលមហោស្រព នៃខេត្តកោះកុង ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត ភុំ សំសុង ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក សមាជិកនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ បានចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រង និងការបម្រើសេវាសាធារណៈរបស់អង្គភាពបម្រើសេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ សម្រាប់មន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ(គ វ ជ)។

សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី១៧ និងថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០២៥ ក្នុងគោលបំណងនាំយកនូវបទពិសោធន៍ ចែករំលែកគ្នាទៅវិញទៅមកលើការងារដឹកនាំ និងគ្រប់គ្រងមន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការពង្រឹងការគ្រប់គ្រង និងកែលម្អគុណភាព ការបម្រើសេវាសាធារណៈផ្នែកថែទាំ និងព្យាបាលសុខភាព ជូនប្រជាពលរដ្ឋ នៅក្នុងអង្គភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព ស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ តាមរយៈវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកទឹកចិត្តដល់មន្ទីរពេទ្យបង្អែកទាំងអស់ ឱ្យដាក់ពាក្យចូលរួមការប្រកួតប្រជែង ក្នុងការជ្រើសរើសអង្គភាពបម្រើសេវាសាធារណៈគំរូ នៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់សេវាសាធារណៈរបស់រដ្ឋ។ 

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា ក៏បានចុះពិនិត្យវឌ្ឍនភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រែអំបិល (ក្នុងចំណោមមន្ទីរពេទ្យបង្អែកទាំង៦១) ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7