រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៤រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍ ទៅសិក្សានៅប្រទេសអូស្ត្រាលី ឆ្នាំសិក្សា២០២៥-២០២៦ ក្នុងគោលបំណងសម្តែងការគួរសម និងទទួលនូវអនុសាសន៍សម្រាប់ចេញទៅសិក្សានៅក្រៅប្រទេស ចំនួន៣០រូប ក្នុងនោះរួមមានថ្នាក់បណ្ឌិតចំនួន០២រូប និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២៨។
ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមសាស្ត្រាចារ្យបានផ្តល់ជាអនុសាសន៍អំពីបទពិសោធន៍នៃការតាំងចិត្តក្នុងការរៀនសូត្រ និងបន្ទាប់ពីចប់ការសិក្សា ការបំពេញការងារ និងការដឹកនាំជូនដល់និស្សិតសម្រាប់ជាគំនិតក្នុងការសិក្សា និងក្រោយពីចប់សិក្សា។
ឯកឧត្តមសាស្ត្រាចារ្យបានជូននូវចំណុចសំខាន់ៗមួយចំនួនឆ្លើយទៅនឹងការចូលរួមមតិ ការប្ដេជ្ញាចិត្ត និងសំណូមពររបស់តំណាងនិស្សិត ដោយបន្តទំនាក់ទំនង និងសហការល្អជាប់ជាប្រចាំ។ ឯកឧត្តមសាស្ត្រាចារ្យ ក៍ផ្តាំផ្ញើរដល់ក្រុមនិស្សិត កំឡុងសិក្សា ក៏ដូចជាបន្ទាប់ពីចប់ការសិក្សា និងក្រៅពីការទទួលបានសញ្ញាបត្រអាកាដេមិច ប្អូន ក្មួយៗត្រូវអោបក្រសោប និងស្រលាញ់ជាប់នៅនឹងខ្លួន ជានិច្ចនូវគុណតម្លៃសកល រួមមាន ១.ការដឹងគុណ និងដឹងពីប្រភព (Gratitude) ២.ចេះគោរពឱនលំទោន (Humility and Respect) ៣.សុច្ចរិត ស្មោះត្រង់ (Integrity) ៤.ជឿជាក់លើខ្លួនឯងថាពិតជាសម្រេចបាន (Self-confidence) ៥.ប្រព្រឹត្តដោយត្រឹមត្រូវ និងយុត្តិធម៌ (Fairness) ៦.ត្រូវមានមេត្តា និងករុណា (Empathy and Compassion) ៧. ត្រូវមានសេចក្ដីក្លាហាន (Courage) និងទី៨. មានទាំងសញ្ញាបត្រ និងប្រកបដោយគតិបណ្ឌិត (Wisdom) និងបានផ្ដាំផ្ញើសូមរក្សារឱ្យបានខ្ជាប់ខ្ជួននូវទំនៀមទំលាប់ ប្រពៃណី វប្បធម៌ ដ៏ល្អនៃកម្ពុជា។ ថែទាំសុខភាពឱ្យបានល្អ រក្សាសុវត្ថិភាពផ្ទាល់ខ្លួន។
ជាចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានជូននូវវត្ថុអនុស្សាវរីយ៍ក្រមាប្រពៃណីដែលមានរូបទង់ជាតិកម្ពុជាដល់ក្រុមនិស្សិត។
សូមបញ្ជាក់ផងដែរថា ពិធីជួបសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមអនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។