ខេត្តតាកែវ៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះអភិបាលការងារគ្រប់គ្រងឱសថ នៅតាមមន្ទីរពេទ្យបង្អែក ក្នុងខេត្តតាកែវ។
ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា៖
១) អនាម័យក្នុង និងក្រៅឃ្លាំងឱសថ
២) ការងាររៀបចំទុកដាក់ឱសថតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល
៣) ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៤) ការងារគ្រប់គ្រងឱសថនៅតាម មន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA1) មន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA2) និងមន្ទីរពេទ្យបង្អែកខេត្តតាកែវកម្រិត(CPA3)។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ជូនដល់មន្ត្រី បុគ្គលិក ទាំងអស់ ដែលបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ យ៉ាងយកចិត្តទុកដាក់ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់បន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរ គោរពវិន័យការងារ និងការបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។
គួរបញ្ជាក់ផងដែរថា៖ មន្ទីរពេទ្យដែលចុះអភិបាលមានដូចជា៖ ឃ្លាំងឱសថ មន្ទីរពេទ្យបង្អែកខេត្តតាកែវកម្រិត (CPA3) ឃ្លាំងឱសថ មន្ទីរពេទ្យបង្អែកព្រៃកប្បាសកម្រិត (CPA2) ឃ្លាំងឱសថ មន្ទីរពេទ្យបង្អែកគិរីវង់កម្រិត (CPA2) ឃ្លាំងឱសថ មន្ទីរពេទ្យបង្អែកបាទីកម្រិត (CPA1) ឃ្លាំងឱសថ មន្ទីរពេទ្យបង្អែកអង្គរបូរីកម្រិត (CPA1) ឃ្លាំងឱសថ មន្ទីរពេទ្យបង្អែកអង្គរកាកម្រិត (CPA1) និងឃ្លាំងឱសថ មន្ទីរពេទ្យបង្អែកកោះអណ្ដែតកម្រិត (CPA1)។