ខេត្តកំពត៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា និងឯកឧត្ដមឱសថការី ឈី ហុង ព្រមទាំងក្រុមការងារ បានចុះពិនិត្យស្វែងយល់បន្ថែម ការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែន កោះស្លា មន្ទីរពេទ្យបង្អែកឈូក មន្ទីរពេទ្យបង្អែកអង្គរជ័យ និងមន្ទីរពេទ្យបង្អែកកំពង់ត្រាច ក្នុងខេត្តកំពត។
ក្នុងដំណើរចុះពិនិត្យការងារពង្រឹងសេវា ជុំទី២ សម្រាប់ឆ្នាំ២០២៥ នេះ ក្រុមការងារបានជួបជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្រ្តី បុគ្គលិក នៃមន្ទីរពេទ្យបង្អែកទាំងអស់ក្នុងទីតាំងនីមួយៗ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដើម្បីផ្តល់ព័ត៌មានត្រឡប់ និងពិភាក្សា លើវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ ក៏ដូចជាការប្តេជ្ញាចិត្ត ក្នុងការបន្តលើកកម្ពស់គុណភាពសេវា នីតាមមន្ទីរពេទ្យបង្អែក ឱ្យកាន់តែប្រសើរ ក្នុងគោលដៅបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងសុវត្ថិភាព។
បេសកកម្មនេះ បានចុះពិនិត្យ ផ្ទៀងផ្ទាត់ពីវឌ្ឍនភាព របស់អង្គភាពធៀបទៅនឹងជុំមុនៗ ព្រមទាំងបញ្ហាប្រឈមថ្មីៗ ដែលកើតមាន និងស្វែងរកដំណោះស្រាយផងដែរ។ ក្នុងឱកាសនេះដែរ ក្រុមការងារក៏បានចុះពិនិត្យពីវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បន្ទប់វះកាត់ និងកន្លែងសង្គ្រោះបន្ទាន់ (មន្ទីរពេទ្យ៦១) ដែលកំពុងដំណើរការសាងសង់បានប្រមាណ ៥០%។