រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលសម្រាប់ថ្នាក់រាជធានី ខេត្តលើកទី៤ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប សម្រាប់ខេត្តចំនួន៥ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង។
តាមរយៈរបាយការណ៍ នៃវគ្គបណ្តុះបណ្តាលនេះ បង្ហាញថា សិក្ខាកាមដែលអញ្ជើញមកពីមន្ទីរសុខាភិបាល និងមន្ទីរពេទ្យខេត្តទាំង៥ បានខិតខំ និងចូលរួមយ៉ាងសកម្មរហូតទទួលបានលទ្ធផលល្អប្រសើរជាទីពេញចិត្ត។ ជាក់ស្តែងលទ្ធផលនៃការវាស់ស្ទង់សមត្ថភាពមុន និងក្រោយការសិក្សាបង្ហាញពីលទ្ធផលល្អជាទីកត់សម្គាល់ពីពិន្ទុមធ្យម៥៩% (មុនការសិក្សា) រហូតដល់ ៩៥% (ក្រោយការសិក្សា)។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ លោកជំទាវសាស្រ្តាចារ្យ បានផ្តល់នូវអនុសាសន៍សំខាន់ៗ មួយចំនួនដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមូលដ្ឋានសុខាភិបាល និងសិក្ខាកាម រួមមាន៖ (១) ត្រូវរៀបចំគណៈកម្មការ MPDSR ថ្នាក់ខេត្ត ថ្នាក់មន្ទីរពេទ្យខេត្ត និងថ្នាក់មន្ទីរពេទ្យស្រុក ដោយអនុលោមតាមពិធីសារជាតិ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ឆ្នាំ២០២៥ (២) សូមយកផែនការបណ្តុះបណ្តាល ដែល មានរួចទៅអនុវត្ត (៣) ពង្រឹងការពិនិត្យរាល់ករណីមរណភាពមាតា និងទារកដោយប្រើទម្រង់ទាំង៣ (ការវិភាគរកឬសគល់MCCD, ស្វែងរកកក្តាយឺតយ៉ាវទាំងបី 3 Delays និង ផែនការឆ្លើយតបដើម្បីកែលម្អនូវអ្វីដែលជាចំណុចខ្វះខាតដែលបានរកឃើញ) និងត្រូវផ្ញើរបាយការណ៍ឱ្យបានទាន់ពេលវេលា មកគណកម្មការជាតិ តាមរយៈលេខាធិការដ្ឋានរបស់គណកម្មការMPDSR ថ្នាក់ជាតិតាមការកំណត់ (៤) ត្រូវមានកិច្ចសហការគ្នាឱ្យបានល្អរវាងផ្នែកពាក់ព័ន្ធ មានដូចជាផ្នែកសម្ភព និងផ្នែកទារក ផ្នែកសង្គ្រោះបន្ទាន់/សណ្តំ ក្នុងមន្ទីរពេទ្យក្នុងការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើតនិងការឆ្លើយតប ដើម្បីវិភាគករណីនិមួយៗឱ្យបានគ្រប់ជ្រុងជ្រោយ (៥) ត្រូវពង្រឹងទំនាក់ទំនងរវាង មន្ទីរពេទ្យជាតិ និងក្រោមជាតិក្នុងការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកដើម្បីឱ្យការវិភាគមានលក្ខណ: គ្រប់ជ្រុងជ្រោយ (៦) សម្រាប់គ្រូបង្គោលMPDSR ថ្នាក់ជាតិត្រូវបន្តបណ្តុះបណ្តាល ដល់គណកម្មការពិនិត្យមរណភាពមាតា និងទារកថ្នាក់ខេត្ត និងជួយគាំទ្រដល់គ្រូបង្គោលថ្នាក់មន្ទីរពេទ្យជាតិក្នុងការជួយបណ្តុះបណ្តាលដល់មន្ទីរពេទ្យខេត្តសម្ព័ន្ធមេត្រី។
វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយគណៈកម្មការពិនិត្យមរណភាពមាតានិងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ដោយមានការឧបត្ថម្ភគាំទ្រ ពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA និងរដ្ឋាភិបាលអូស្ត្រាលី ក្រោមការសម្របសម្រួលពីឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រីជាគណៈកម្មការជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដែលមានសិក្ខាកាមអញ្ជើញចូលរួមពីមន្ទីរពេទ្យខេត្តទាំង៥ សរុបចំនួន ៣៥រូប និងតាមប្រព័ន្ធនិមិត្ត ជាច្រើនរូបទៀត។