ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្រ្តាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០០:១០នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែង ថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការនៃក្រសួងសុខាភិបាល សូមចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាព ឯកឧត្តមសាស្រ្តាចារ្យ ហេង តៃគ្រី។ គឺជាការបាត់បង់ដ៏ធំមួយ នៃវិស័យសុខាភិបាល ដែលឯកឧត្តមសាស្រ្តាចារ្យ ជាឥស្សរជនឆ្នើមមួយរូប ប្រកបដោយចក្ខុវិស័យ ក្នុងការដឹកនាំ កសាង និងលើកកម្ពស់សុខុមាលភាពប្រជាជន ជាមួយបញ្ញាញាណ ឆន្ទៈ មនសិការជាតិ គតិបណ្ឌិត និងបានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីប្រយោជន៍ដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ។
ក្នុងខណៈពេលវេលាដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខា សូមឆាប់បានចាប់កំណើត ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។