ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ MPDSR ជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការសិក្សារៀនសូត្រ រវាងមន្ទីរពេទ្យជាតិតេជោសន្តិភាព និងមណ្ឌលសុខភាពជង្រុក នៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ។
ជាកិច្ចចាប់ផ្តើម អង្គប្រជុំបានរំលឹកឡើងវិញនូវក្រមសីលធ៌ម សម្រាប់ប្រជុំរបស់គណៈកម្មការ MPDSR ដោយសង្កត់ធ្វន់លើ វប្បធម៍នៃការមិនស្តីបន្ទោស (No Blame Culture) ប៉ុន្តែប្រកាន់ខ្ជាប់នូវការទទួល ខុសត្រូវខ្ពស់ និងមានគណនេយ្យភាព (Accountability)។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពង្រឹង សេវាសុខភាពមាតា និងទារក រវាងមន្ទីរពេទ្យជាតិតេជោសន្តិភាព និងមន្ទីរពេទ្យសម្ព័ន្ធមេត្រី ជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ។ តាមរយៈការពិភាក្សារួមគ្នាលើរបាយការណ៍ ទម្រង់ការយឺតយ៉ាវ ទាំង៣ (3 Delays) អង្គប្រជុំក៏បានរកឃើញនូវចំនុចដែលធ្វើបានល្អ និងចំណុចខ្លះទៀត ដែលត្រូវធ្វើការកែលម្អ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងារ ក្នុងការជួយជីវិតមាតា និងទារក ក៏ដូចជាក្នុងការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប និងរៀបចំធ្វើផែនការក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាព ប្រសិទ្ធភាពខ្ពស់។
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានបន្តក្រើនរំលឹកពីសារៈសំខាន់ នៃការងារ MPDSR ដែលជាការងារគន្លឹះ និងជាអាទិភាពចម្បង របស់ក្រសួងសុខាភិបាល ផ្តល់ជូននូវអនុសាសន៍គន្លឹះរួមមាន៖ (១)វាយតម្លៃរកមូលហេតុចម្បងនៃមរណភាពមាតា និងទារក (២)ពង្រឹងភាពយឺតយ៉ាវចម្បងដែលបានរកឃើញគឺ ភាពយឺតយ៉ាវទី៣ (Delay 3) ធ្វើការព្យាបាលតាមពិធីសារជាតិ (៣)បង្រ្គប់ និងពង្រឹង សមត្ថភាពធនធានក្នុងការផ្តល់សេវាប្រកបដោយគុណភាពប្រសិទ្ធភាព (៤)សហការក្នុងការធ្វើការរវាងមន្ទីរពេទ្យសម្ព័ន្ធមេត្រី ក្នុងការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលទាំងអស់ ដែលពាក់ព័ន្ធគ្រប់កម្រិត និងស្រាវជ្រាវរកកត្តាហានិភ័យក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាល។
កិច្ចប្រជុំនេះ រៀបចំដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ដោយមានការចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រី ជាគណៈកម្មការជាតិពិនិត្យ មរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប គណៈកម្មការថ្នាក់មន្ទីរ ពេទ្យជាតិ គណៈកម្មការមន្តីរពេទ្យខេត្ត និងគណៈកម្មការថ្នាក់មន្ទីរពេទ្យខេត្តពាក់ព័ន្ធសរុបចំនួន ១១៦រូប។