Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ សៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាប្រធានលេខាធិការដ្ឋាន គ.ព.ស.គ.ញ បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងសមាជិកលេខាធិការដ្ឋាន សរុប២៧រូប ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការចុះត្រួតពិនិត្យ និងវាយតម្លៃមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ព្រមទាំងវឌ្ឍនភាពនៃការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ សម្រាប់មជ្ឈមណ្ឌលទាំងនោះ។
 
តាមរយៈលទ្ធផលនៃការវាយតម្លៃ កិច្ចប្រជុំបានកំណត់នូវចំណុចអាទិភាព ដែលត្រូវបន្តពង្រឹង ជាពិសេសការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការបណ្តុះបណ្តាលបន្តដល់បុគ្គលិកសុខាភិបាល លើការព្យាបាលអ្នកញៀនគ្រឿងញៀន និងការផ្តល់ប្រឹក្សាផ្លូវចិត្ត ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃសេវាព្យាបាល និងស្តារនីតិសម្បទា ស្របតាមស្តង់ដារបច្ចេកទេសដែលបានកំណត់។
 
ឯកឧត្តមវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា ការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ត្រូវផ្តោតលើជនរងគ្រោះដោយសារធាតុញៀន ជាចំណុចកណ្តាល ដោយធានាការផ្តល់សេវាប្រកបដោយមនុស្សធម៌ គុណភាព និងការគោរពសិទ្ធិរបស់អ្នកញៀនគ្រឿងញៀន ព្រមទាំងគាំទ្រដល់ការធ្វើសមាហរណកម្មឱ្យវិលត្រឡប់ទៅរស់នៅក្នុងគ្រួសារ សហគមន៍ និងសង្គមវិញប្រកបដោយគុណភាពជីវិតល្អប្រសើរ។

កិច្ចប្រជុំក៏បានឯកភាពបន្តពង្រឹងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសេវាព្យាបាល និងស្តារនីតិសម្បទាឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17

រូបភាព Gallery
1 / 1
Gallery image