ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៦
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ ពីភាពរឹងមាំ និងការច្នៃប្រឌិតខ្ពស់ដល់មន្រ្តីនៃមណ្ឌលសុខភាព ដែលជាខ្សែបណ្តាយចុងក្រោយនៃប្រព័ន្ធសុខាភិបាល «ការសម្រេចបានតាមលទ្ធផលដែលជាទីរំពឹងទុក គឺជាភាពខ្លាំងក្នុងការដឹកនាំ ដោយឈរលើស្មារតីបុរេសកម្ម និងនវានុវត្តន៍របស់អ្នកដឹកនាំអង្គភាព»។
ឯកឧត្តមសាស្រ្តាចារ្យ បានចែករំលែកបទពិសោធន៍ និងជូនអនុសាសន៍ជាការអនុវត្តន៍ជាក់ស្តែងដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ក្នុងអត្ថន័យ «ត្រូវស្គាល់ និងយល់ពីខ្លួនឯងម្នាក់ៗ ក្រុមការងារខ្លួន អង្គភាពខ្លួន ឱ្យបានច្បាស់ជាមុនសិន និងបន្តស្វែងយល់ជាប់ជាប្រចាំ ទាំងអំពីភាពខ្លាំង ពិសេសអំពីចន្លោះប្រហោងដែលត្រូវបំពេញ ទាំងសក្តានុពល ដែលមិនទាន់បានយកមកប្រើប្រាស់ និងធនធានមធ្យោបាយ ដែលកំពុងមាន និងកំពុងប្រើប្រាស់។ យ៉ាងនេះទើបប្រាកដថា ការធ្វើដំណើរលើផ្លូវសុខាភិបាល ក្តីស្រឡាញ់បម្រើប្រជាពលរដ្ឋយើង គឺធ្វើប្រកបដោយភាពជឿជាក់ ឈរលើទំនុកចិត្ត និងថែមទាំងមានលទ្ធភាព ទៅជាអង្គភាពគំរូក្នុងវិស័យ ចូលរួមចែករំលែកកិច្ចការល្អៗដល់គ្រប់សហភាតរៈទាំងអស់។»។
សូមជម្រាបជូនថា រយៈពេល ២ថ្ងៃ នៅថ្ងៃទី៩ និងទី១០ ខែមិថុនា ឆ្នាំ២០២៦ ប្រតិភូក្រសួងសុខាភិបាល បានចុះពិនិត្យការបម្រើសេវាសុខាភិបាល មណ្ឌលសុខភាពសំរោង មណ្ឌលសុខភាពបឹងបត់កណ្តោល មន្ទីរពេទ្យបង្អែកបាកាន នៅខេត្តពោធិ៍សាត់ និង មណ្ឌលសុខភាពពេជចង្វារ និងមណ្ឌលសុខភាពស្វាយជុក នៅខេត្តកំពង់ឆ្នាំង។
កំពង់ឆ្នាំង៖ ល្ងាចថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦