ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៦
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ លោក Eamonn Murphy នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក, អឺរ៉ុបខាងកើត, និងអាស៊ីកណ្តាល នៃអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, លោកនាយកប្រចាំតំបន់ បានសម្ដែងនូវការកោតសរសើរ ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការពង្រឹងវិស័យសុខាភិបាល។ ជាមួយគ្នានេះ, លោកនាយកប្រចាំតំបន់ ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ និងភាពជាអ្នកដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពសាធារណៈ ពិសេសការដាក់ចេញ និងការអនុវត្តនូវក្របខណ្ឌគោលនយោបាយជាតិស្តីពីគាំពារសង្គម។ បន្ថែមពីនេះ លោកនាយកប្រចាំតំបន់ បានសម្ដែងនូវការអបអរសាទរដល់កម្ពុជា ចំពោះភាពជោគជ័យ នៃការសម្រេចបាននូវគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥ (៩៥% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន, ៩៥% នៃអ្នកដែលដឹងស្ថានភាពផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៩៥% នៃអ្នកដែលបានទទួលការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ មានបន្ទុកមេរោគអេដស៍កម្រិតទាប) ដែលឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ ដែលជាបញ្ហាគំរាមកំហែងចំពោះសុខភាពសាធារណៈនៅឆ្នាំ២០៣០
។ លោកនាយកប្រចាំតំបន់បានគូសបញ្ជាក់បន្ថែមថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេស៧ ក្នុងពិភពលោក និងជាប្រទេសទីមួយនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលអាចសម្រេចបានគោលដៅសកលនេះយ៉ាងត្រចះត្រចង់ និងបានលើកទឹកចិត្តឱ្យកម្ពុជាចែករំលែកបទពិសោធន៍ជោគជ័យ ទៅកាន់បណ្ដាប្រទេសក្នុងពិភពលោក។ លោកនាយកប្រចាំតំបន់ ក៏បានគូសបញ្ជាក់ថា UNAIDS នៅតែបន្តផ្ដល់នូវការគាំទ្រ ក៏ដូចជាសហការជាមួយកម្ពុជា នៅក្នុងវិស័យសុខាភិបាល ជាពិសេស គឺការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នេះ។
ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិនៅក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាលកម្ពុជា ក៏ដូចជាការគាំទ្រដល់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ជូនលោកនាយកប្រចាំតំបន់ថា ទាំងរាជរដ្ឋាភិបាលអាណត្តិមុនៗរហូតមកដល់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ រាជរដ្ឋាភិបាលនៅតែផ្តល់អាទិភាពខ្ពស់ និងចាត់ទុកប្រជាជនជាស្នូល តាមរយៈការលើកកម្ពស់សុខភាព, ការអប់រំ និងការបង្កើតការងារ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ទ្រទ្រង់ការរីកចម្រើនរបស់ប្រទេសជាតិ។ បន្ថែមពីនេះ, រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំលើកកម្ពស់វិស័យសុខាភិបាល តាមរយៈការធ្វើឱ្យកាន់តែប្រសើរឡើងមូលដ្ឋានសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ ព្រមជាមួយគ្នានេះ, សម្ដេចធិបតី បានបន្ថែមថា ទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលជាច្រើនក្នុងវិស័យសុខាភិបាលក្តី, កម្ពុជានៅតែចាត់ទុកជំងឺអេដស៍ និងជំងឺឆ្លងនានា ជាហានិភ័យចម្បងចំពោះសុខភាពសាធារណៈ ដែលរាជរដ្ឋាភិបាលត្រូវបន្តដោះស្រាយ និងយកចិត្តទុកដាក់ខ្ពស់ជានិច្ច។
មុននឹងបញ្ចប់ សម្ដេចធិបតីបានលើកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសហការជាមួយអង្គការសហប្រជាជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ បន្ថែមទៀត៕