Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ។»

ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកសន្និសីទប្រសាទសាស្រ្តលើកទី៦ របស់សមាគមគ្រូពេទ្យប្រសាទសាស្រ្តកម្ពុជា និងសមាគមកម្ពុជាប្រឆាំងជំងឺអេពីឡឹបស៊ី ក្រោមប្រធានបទ៖ «រួមគ្នា យើងអាចបង្ការពិការភាពដោយរក្សាសមត្ថភាពក្នុងមួយជីវិតរបស់យើង»។
 
ឯកឧត្តមសាស្តាចារ្យរដ្ឋមន្រ្តី គូសរំលេចចំណុចសំខាន់ «រួមគ្នា យើងអាចបង្ការពិការភាពដោយរក្សាសមត្ថភាពក្នុងមួយជីវិតរបស់យើង»។ ឯកឧត្តមសាស្រ្តាចារ្យ បន្ថែមថា «សុខភាពខួរក្បាល គឺជាចំណែកចម្បងនៃការថែទាំសុខភាពបឋម នោះគឺ “ការការពារនិងបង្ការទុកជាមុន” កុំឱ្យទៅដល់ពិការភាព។ សុខភាពខួរក្បាលដែលល្អ នឹងកាន់តែមុតស្រួចចូលរួមអភិវឌ្ឍន៍សុខាភិបាល ដើម្បីសុខុមាលភាពទាំងអស់គ្នាបាននៅពេលដែល ”មនសិកាវិជ្ជាជីវៈ” កាន់តែមុតស្រួចថែមទៀតផង។»
 
សន្និសីទនាថ្ងៃនេះ ជាវេទិកាមួយសម្រាប់បញ្ជាក់ឱ្យឃើញថា ការការពារ​សុខភាពប្រព័ន្ធប្រសាទ គឺជាការការពារសុខភាពប្រជាជន គឺប្រៀបដូចជាការវិនិយោគទៅលើវិស័យសុខាភិបាល ស្របតាមគោលនយោបាយរប​ស់ក្រសួងសុខាភិបាល ហើយក៏ជាផ្នែកមួយនៃការកាត់បន្ថយការចំណាយលើសុខភាព និងរួមចំណែកកាត់បន្ថយការចំណាយថវិការបស់រប​ស់ប្រជាពលរដ្ឋ។ ការងាររបស់សមាគមទាំងពីរ ដែលបានរួមគ្នាធ្វើកន្លងមក គឺបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងនូវសមត្ថភាពវិជ្ជាជីវៈផ្នែកប្រសាទសាស្រ្ត ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព និងសមធម៌ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
 
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមផ្តល់អនុសាសន៍ និងការផ្ដាំផ្ញើមួយចំនួនដល់សមាគម ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខភិបាល​ ដូចខាងក្រោ​ម៖
១) បន្តអនុវត្តឱ្យបានទៀងទាត់នូវការរៀបចំសន្និសីទប្រសាទសាស្រ្តប្រចាំ​ឆ្នាំ
២) ពង្រឹង និងពង្រីកនូវវិសាលភាពនៃការបណ្ដុះបណ្ដាលបន្តផ្នែកប្រសាទសាស្ត្រ ប្រកបដោយគុណភាព និងគ្របដណ្ដប់ដល់គ្រូពេទ្យបណ្តាខេត្តទូទាំងប្រទេស
៣) បន្តជំរុញការចុះមូលដ្ឋានសុខាភិបាល ដោយក្តាប់ឱ្យជាប់នូវតម្រូវការចាំបាច់ ដើម្បីជួយជំរុញ និងបង្កើនគុណភាព នៃការបង្ការជំងឺមិនឆ្លង ដោយត្រូវពង្រឹងសុវត្ថិភាពនៃការព្យាបាលជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺអេពីឡឹបស៊ី ​ដើម្បីកាត់បន្ថយកម្រិតពិការភាព និងអត្រាមរណភាព។​
៤) បង្កើនការបណ្តុះបណ្តាលដល់គ្រូពេទ្យនៅតាមមូលដ្ឋាន សម្រាប់ការបន្តធ្វើកម្មសិក្សានៅមន្ទីរពេទ្យជាតិ
៥) ចូលរួមសហការជាមួយអង្គភាពសុខាភិបាលនានាទាំងក្នុង និងក្រៅប្រទេស ដើម្បីចូលរួមការបណ្ដុះបណ្ដាល និងស្រាវជ្រាវអំពីជំងឺប្រសាទសាស្រ្ត
៦) ពង្រឹងនូវវប្បធម៌នៃការធ្វើការងារជាក្រុម និងពង្រីកនូវវិស័យពហុជំនាញសម្រាប់ជំងឺប្រសាទសាស្រ្ត។
៧) បង្កើនសមត្ថភាពក្នុងការស្រាវជ្រាវធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺគ្រោះថ្នាក់សរសៃ​ឈាមខួរក្បាល ជំងឺអេពីឡឹបស៊ី ឱ្យបានឆាប់រហ័ស ទាន់ពេលវេលា
៨) យកចិត្តទុកដាក់បញ្ចូលក្នុងកម្មវិធីបណ្ដុះបណ្ដាលនានារបស់សមាគមនូវកិច្ចការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន។
៩) ចូលរួមផ្សព្វផ្សាយការអប់រំសុខភាព ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ យល់ពីការការពារជំងឺមិនឆ្លង។

 ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសមាគម ដែលបានខិតខំរួមចំណែកក្នុងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ដ៏ប្រសើរនាពេលកន្លងមក និងបន្តលើកកម្ពស់កិត្យានុភាពសុខាភិបាលឱ្យកាន់តែខ្ពង់ខ្ពស់បន្ថែមទៀត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមអំពាវនាវ​ឱ្យ​មាន​ការ​សហការគ្នា ឱ្យបានល្អរវាងសហភាតរៈ សាម​គ្គី និងចែករំលែកនូវបទពិសោធន៍គ្នា ក្នុងស្មារតីគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ចាត់ទុក «អ្នកជំងឺដូចជាសាច់ញាតិគ្រួសាររបស់យើង»។

សន្និសីទរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលរាជធានី ខេត្ត លោក លោកស្រី សាស្រ្តាចារ្យ ប្រធានបច្ចេកទេស ផ្នែកសួត និងផ្នែកប្រសាទ ផ្នែកផ្លូវចិត្ត និងទូទៅ គ្រប់ផ្នែកដែលពាក់ព័ន្ធ និងវិស័យឯកជន ព្រមទាំងនិស្សិត និងភ្ញៀវបរទេសឯកទេសប្រសាទសាស្រ្ត ដែលមានអ្នកចូលរួមផ្ទាល់ ២៥០នាក់ និងអនឡាញ ៥០០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image