ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៦
ទីក្រុងគូឡាឡាំពួ ៖ នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសំដែងការស្វាគមន៍ចំពោះភាពរស់រវើកនៃភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក ជាពិសេសលើវិស័យសុខាភិបាល ដែលបាននាំទៅដល់គម្រោង និងគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ពីជំនឿជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក នឹងនាំកិច្ចសហប្រតិបត្តិការបន្តដល់ឡើងកម្រិតខ្ពស់បន្ថែមទៀត។
ក្នុងចំណែកនៃការរួមចំណែកកសាងផែនការការងារសម្រាប់ការពង្រឹងវិធីសាស្ត្រពហុភាគី លើប្រព័ន្ធសុខាភិបាល ប្រកបដោយចីរភាព និងសន្តិសុខសុខភាព កម្ពុជាបានលើកជូនកិច្ចប្រជុំនូវអាទិភាពសំខាន់ៗ រួមមាន៖
១) បន្តគាំទ្រការប្រតិបត្តិការនៃ «មជ្ឈមណ្ឌលអាស៊ានសម្រាប់ សុខភាពសាធារណៈបន្ទាន់ និងជំងឺរាតត្បាតថ្មីៗ -ACPHEED»
២) ពង្រឹងទំនាក់ទំនងរវាង ACPHEED និង ប្រព័ន្ធសហប្រតិបត្តិការសុខាភិបាលសាធារណៈបន្ទាន់អាស៊ាន(APHECS) ដោយធានាភាពស៊ីសង្វាក់ និងសមាហរណកម្មរវាងយន្តការផ្សេងៗ ស្របតាមក្របខណ្ឌយុទ្ធសាស្ត្រអាស៊ានស្តីពីសុខភាពសាធារណៈបន្ទាន់។
៣) គាំទ្រការអនុវត្តវិធីសាស្ត្រ«សុខភាពតែមួយ One Health» ជាពិសេសតាមរយៈបណ្តាញ One Health អាស៊ាន ដែលទទួលបានការគាំទ្រពី សហរដ្ឋអាមេរិក និងក្នុងក្របខណ្ឌផែនការសកម្មភាពរួម One Health របស់អាស៊ាន។
៤) ពង្រឹងសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល អាហារូបករណ៍ និងបណ្តាញណែនាំបន្ថែម ជាពិសេសផ្នែករោគរាតត្បាត ព្រមទាំងពង្រឹងសមត្ថភាពមន្ទីរពិសោធន៍សម្រាប់ការធ្វើរោគវិនិច្ឆ័យរហ័ស និងការរកឃើញជំងឺឆ្លងទាន់ពេលវេលា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ថែមទាំងបានគូសបញ្ជាក់ថា «ភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក នឹងជួយអាស៊ានបង្ហាញភាពជាអ្នកដឹកនាំក្នុងសន្តិសុខសុខាភិបាលសកល និងពង្រឹងសមត្ថភាពរួម ដើម្បីផ្លាស់ប្តូរពីវិធីសាស្ត្រប្រតិកម្ម ទៅជាវិធីសាស្ត្រសកម្ម ដែលអាចព្យាករណ៍ការគំរាមកំហែង ពង្រឹងការត្រៀមបម្រុង និងអនុញ្ញាតឱ្យយើងការពារ និងទប់ស្កាត់ផលប៉ះពាល់នៃជំងឺរាតត្បាតនាពេលអនាគត។»។