ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៦
ទីក្រុងគូឡាឡាំពួ៖ នារសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ជប៉ុន ដោយមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានទាំង១១ ព្រមទាំងអគ្គលេខាធិការរងអាស៊ាន និងជប៉ុន នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងបទអន្តរាគមន៍លើប្រធានបទ “អាយុវែងដោយសេចក្តីថ្លៃថ្នូរ៖ ជំរុញការចាស់ជរាប្រកបដោយសុខភាព និងការគ្របដណ្តប់សុខភាពជាសកលប្រកបដោយចីរភាពក្នុងអាស៊ាន និងជប៉ុន”។ ក្នុងនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជប៉ុនមានបទពិសោធន៍យូរអង្វែងក្នុងការដោះស្រាយផលប៉ះពាល់សុខភាពពីភាពចាស់ជរារបស់ប្រជាជន ព្រមទាំងបានប្រមូលទិន្នន័យ បទពិសោធន៍ពហុវិស័យ និងជំនាញជាក់ស្តែង ដែលអាស៊ានអាចទាញយកអត្ថប្រយោជន៍បានយ៉ាងច្រើន។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា ចាំបាច់ត្រូវឈានទៅដំណាក់កាលបន្ទាប់ក្នុងការរួមបញ្ចូលការថែទាំអ្នកចាស់ជរា ដោយភ្ជាប់ការថែទាំសុខភាពជាមួយការគាំទ្រសង្គម និងកែលម្អការកំណត់តម្រូវការជាក់ស្តែង។ ជាពិសេស មិនត្រូវផ្តោតតែលើបុគ្គលមានហានិភ័យខ្ពស់ប៉ុណ្ណោះទេ តែត្រូវពិចារណាលើប្រជាជនចាស់ជរាទាំងមូល ដើម្បីអាចបង្ការទុកមុន និងកាត់បន្ថយតម្រូវការថែទាំរយៈពេលវែង។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការរួមបញ្ចូលការចូលរួមរបស់សហគមន៍ជាមួយនវានុវត្តន៍បច្ចេកវិទ្យា ដើម្បីកំណត់ដំណោះស្រាយសមស្របតាមបរិបទវប្បធម៌របស់ប្រទេសនីមួយៗ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបន្តទៀតថា ដើម្បីអភិវឌ្ឍវិធីសាស្ត្រពហុវិស័យដែលការចាស់ជរាប្រកបដោយសុខភាពត្រូវការចាំបាច់ ត្រូវពង្រឹងមូលដ្ឋានភស្តុតាង និងជំរុញចំណេះដឹងតាមរយៈអ្វីដែលអាចហៅថា “វិទ្យាសាស្ត្រនៃការចាស់ជរា និងសុខភាព” ដោយប្រមូលផ្តុំវិស័យវិទ្យាសាស្ត្រសង្គម និងធម្មជាតិ។
លើសពីនេះ បទអន្តរាគមន៍របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ថា គ្រឹះទាំងនេះចាំបាច់ដើម្បីរក្សាការប្តេជ្ញាចិត្តនយោបាយ ពង្រឹងសមត្ថភាពដឹកនាំ បង្កើតយន្តការសម្របសម្រួលពហុវិស័យប្រកបដោយប្រសិទ្ធភាព និងជំរុញគោលនយោបាយដែលលើកកម្ពស់ការយល់ឃើញវិជ្ជមានរបស់សាធារណជនចំពោះភាពចាស់ជរា តាមរយៈបទពិសោធន៍ដ៏ទូលំទូលាយ ជប៉ុនអាចជួយរួមបញ្ចូលការចាស់ជរាប្រកបដោយភាពធន់ សកម្ម និងសុខភាព ទៅក្នុងគោលនយោបាយពហុវិស័យ ដើម្បីចែករំលែកដំណោះស្រាយនវានុវត្តន៍ និងតម្រូវការជាក់ស្តែង រួមមាន៖ ការភ្ជាប់ទំនាក់ទំនងសង្គម ការរួមបញ្ចូលឌីជីថល និងបច្ចេកវិទ្យាដើម្បីគាំទ្រការថែទាំរួមបញ្ចូល និងការត្រួតពិនិត្យខ្លួនឯង កត្តាបរិស្ថានគាំទ្រ និងបរិស្ថានការងារ និងរស់នៅ ដែលអនុញ្ញាតឱ្យអ្នកចាស់ជរារក្សាសមត្ថភាពមុខងារ ឯករាជ្យភាព និងសេចក្តីថ្លៃថ្នូរ។