ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៦
ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី៖ គណ:ប្រតិភូកម្ពុជា ដឹកនាំដោយលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH) បានដឹកនាំប្រតិភូដែលមានមន្ត្រីជំនាញក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ និងក្រសួងបរិស្ថាន បានចូលរួមសន្និសីទអន្តរជាតិ ស្តីពីសកម្មភាពសុខភាពតែមួយនៃប្រព័ន្ធកសិ-ស្បៀង ពីថ្ងៃទី២១ ដល់ ២៣ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងពេលជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់នូវបទអន្តរាគមន៍ នៅក្នុងសន្និសីទសកលរបស់អង្គការ FAO ស្តីពីសកម្មភាពលើគំនិតផ្តួចផ្តើម «សុខភាពតែមួយ (One Health) » នៅក្នុងប្រព័ន្ធកសិ-ស្បៀង នៅទីក្រុងរ៉ូម បានលើកឡើងពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការពង្រឹងអភិបាលកិច្ច «សុខភាពតែមួយ» ដែលមានលក្ខណៈពហុវិស័យតាមរយៈ IMCC-OH ព្រមទាំងការពង្រឹងប្រព័ន្ធឃ្លាំមើល សមត្ថភាពមន្ទីរពិសោធន៍ ការអភិវឌ្ឍធនធានមនុស្ស និងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាភាពស៊ាំនឹងថ្នាំប្រឆាំងមេរោគ (Antimicrobial Resistance)។
បន្ថែមលើនេះ លោកជំទាវរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាជំងឺដែលកំពុងលេចឡើងថ្មីៗ ភាពស៊ាំនឹងថ្នាំប្រឆាំងមេរោគ ការប្រែប្រួលអាកាសធាតុ និងការធ្លាក់ចុះគុណភាពបរិស្ថាន ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងវិស័យសុខភាពមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាន។
លោកជំទាវរដ្ឋលេខាធិការ ក៏បានអំពាវនាវឱ្យមានការបង្កើនសាមគ្គីភាព និងភាពជាដៃគូជាសកល ការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ប្រព័ន្ធឃ្លាំមើលដែលមានការរួមបញ្ចូលគ្នា ការបង្កើតថ្មី និងការវិនិយោគលើការត្រៀមលក្ខណៈជាមុន ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តផ្នែកនយោបាយទៅជាសកម្មភាពជាក់ស្តែង សម្រាប់សុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ីកាន់តែប្រសើរឡើង ព្រមទាំងប្រព័ន្ធកសិ-ស្បៀងដែលមានភាពធន់ជាងមុន។
កម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយដៃគូក្នុងតំបន់ និងសកលលោក ដើម្បីជំរុញគំនិតផ្តួចផ្តើម «សុខភាពតែមួយ» ឆ្ពោះទៅរកអនាគតដែលមានសុវត្ថិភាព សុខភាពល្អ និងនិរន្តរភាព។