ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីអបអរសាទរ ខួបលើកទី៨០ឆ្នាំ នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្ពោធអគារសិក្សាថ្មី ២ខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
អគារសិក្សាថ្មី ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ មានចំនួន ២អគារ៖ នៅទីតាំងទី១ «អគារ តេជោធិបតី សន្តិភាព» និងនៅទីតាំងទី២ «អគារ តេជោធិបតី អភិវឌ្ឍន៍»។ អគារសិក្សាទាំងពីរនេះ ប្រើប្រាស់ថវិកាសរុបចំនួន ៥៧ ១០៩ ២៣២ ៨៥០ រៀល មានកម្ពស់ ៨ជាន់ ដូចគ្នា។ អគារ តេជោធិបតី សន្តិភាព មានទំហំផ្ទៃក្រឡាសរុប ១៤ ៣៥៤.១៨ម២ មាន ចំនួន ៩២បន្ទប់ ដែលក្នុងនោះមាន ថ្នាក់រៀន និងបន្ទប់មន្ទីរពិសោធន៍អនុវត្តបង្ហាញត្រាប់ ចំនួន ៤៧បន្ទប់ បន្ទប់ការិយាល័យចំនួន ២២បន្ទប់ សហសាលដែលអាចទទួលអ្នកចូលរួមប្រមាណ ៥០០នាក់ ចំនួន ១បន្ទប់ និងបន្ទប់ផ្សេងៗទៀតចំនួន ២២បន្ទប់។ អគារ តេជោធិបតី អភិវឌ្ឍន៍ មានទំហំផ្ទៃក្រឡាសរុប ១៤,៩៣១.៨០ម២ មានបន្ទប់ចំនួន ៤៦បន្ទប់ ដែលក្នុងនោះមាន ថ្នាក់រៀន និងបន្ទប់មន្ទីរពិសោធន៍អនុវត្តបង្ហាញត្រាប់ ចំនួន ៣៤បន្ទប់ បន្ទប់ការិយាល័យចំនួន ០៧បន្ទប់ សហសាលដែលអាចទទួលអ្នកចូលរួមប្រមាណ ៥០០នាក់ ចំនួន ១បន្ទប់ និងបន្ទប់ផ្សេងៗទៀតចំនួន ៤បន្ទប់។
ពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបចំនួន ២ ២៤០នាក់ (៤៤ មុខជំនាញ) រួមមាន សញ្ញាបត្រ៖ (១) វេជ្ជបណ្ឌិតឯកទេស ជំងឺមហារីក ៨នាក់ (២) វេជ្ជបណ្ឌិតឯកទេសបេះដូងវិទ្យា (៣) វេជ្ជបណ្ឌិតឯកទេសសល្យសាស្ត្រទូទៅ (៤) វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជំងឺក្រពេញ (៥) វេជ្ជបណ្ឌិតឯកទេស ជំងឺថ្លើម ក្រពះ ពោះវៀន (៦) ឯកទេស សម្ភព និងរោគស្រ្តី (៧) សញ្ញាបត្រវេជ្ជបណ្ឌិតឯកទេសវិទ្យុសាស្រ្ត និងរូបភាពវេជ្ជសាស្ត្រ (៨) វេជ្ជបណ្ឌិតឯកទេសវេជ្ជសាស្ត្រទូទៅ (៩) វេជ្ជបណ្ឌិតឯកទេសចក្ខុរោគវិទ្យា (១០) វេជ្ជបណ្ឌិតឯកទេសត្រចៀក ច្រមុះ បំពង់ក (១១) វេជ្ជបណ្ឌិតឯកទេសវិជ្ជារោគកុមារ (១២) វេជ្ជបណ្ឌិតឯកទេសជំងឺសួត (១៣) វេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា (១៤) វេជ្ជបណ្ឌិតឯកទេសសល្យសាស្រ្តទូទៅ និងប្រព័ន្ធរំលាយអាហារ (១៥) វេជ្ជបណ្ឌិតឯកទេសសល្យសាស្រ្តជំងឺឆ្អឹង និងបាក់បែក (១៦) វេជ្ជបណ្ឌិតឯកទេសសល្យសាស្ត្រកុមារ (១៧) វេជ្ជបណ្ឌិតឯកទេសសោភ័ណសល្យសាស្រ្ត (១៨) វេជ្ជបណ្ឌិតឯកទេសប្រពោធនកម្ម ដាក់ថ្នាំសណ្តំ និងសង្រ្គោះបន្ទាន់ (១៩) វេជ្ជបណ្ឌិតឯកទេសកាយវិភាគ និងកោសិការោគវិទ្យា (២០) វេជ្ជបណ្ឌិតឯកទេសសល្យសាស្រ្តប្រព័ន្ធប្រសាទ (២១) វេជ្ជបណ្ឌិតឯកទេសសល្យសាស្រ្តប្រព័ន្ធទឹកម៉ូត្រ (២២) វេជ្ជបណ្ឌិតឯកទេសជំងឺសើស្បែក (២៣) ឱសថបណ្ឌិតឯកទេសផ្នែកវេជ្ជជីវសាស្រ្ត (២៤) ឱសថបណ្ឌិតឯកទេសផ្នែកឱសថ (២៥) បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវេជ្ជជីវសាស្រ្ត (២៦) បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកស្បែកនិងគ្រឿងសម្អាង (២៧) បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពត់ធ្មេញ (២៨) វេជ្ជបណ្ឌិត (២៩) ទន្តបណ្ឌិត (៣០) ឱសថការី (៣១) បរិញ្ញាបត្រគិលានុបដ្ឋាក-ឆ្មប (៣២) បរិញ្ញាបត្រគិលានុបដ្ឋាក (៣៣) បរិញ្ញាបត្រឆ្មប (៣៤) បរិញ្ញាបត្រគិលានុបដ្ឋាក (៣៥) បរិញ្ញាបត្រឆ្មប (៣៦) បរិញ្ញាបត្របច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្ត (៣៧) បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក (៣៨) បរិញ្ញាបត្រព្យាបាលដោយចលនា (៣៩) បរិញ្ញាបត្រសុខភាពសាធារណៈ (៤០) បរិញ្ញាបត្ររងព្យាបាលដោយចលនា (៤១) បរិញ្ញាបត្ររងបច្ចេកទេសវិទ្យុសាស្ត្រ (៤២) បរិញ្ញាបត្ររងឆ្មប (៤៣) បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ (៤៤) បរិញ្ញាបត្ររងគិលានុបដ្ឋាក។
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៦ ដំបូងមានឈ្មោះថា «សាលាមន្រ្តីសុខាភិបាល» ហើយបានវិវត្ត និងប្តូរឈ្មោះជាបន្តបន្ទាប់។ ក្រោយពីត្រូវបានបោះបង់ចោលក្នុងរបប ប៉ុល ពត ស្ថាប័ននេះបានបើកដំណើរការឡើងវិញនៅឆ្នាំ ១៩៨០ និងបានក្លាយជាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅឆ្នាំ ១៩៩៧។ នៅខែធ្នូ ឆ្នាំ ២០០១ សាកលវិទ្យាល័យបានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ហើយបានបន្តអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈបរិក្ខារសិក្សា។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួល រចនាសម្ព័ន្ធសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលឡើងវិញ ដោយមាន ៩ អង្គភាព ថ្នាក់ស្មើនាយកដ្ឋាន ក្នុងនោះមាន មហាវិទ្យាល័យចំនួន ៦ មន្ទីរពេទ្យសាកលវិទ្យាល័យ ចំនួន ១ មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាកល ចំនួន ១ និងអង្គភាពកិច្ចការទូទៅ ចំនួន ១។