ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២៦
ខេត្តព្រះវិហារ៖ ថ្ងៃសៅរ៍ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្នុងដំណើរចុះពិនិត្យសេវាសុខាភិបាល និងសួរសុខទុក្ខបងប្អូន បុគ្គលិក មន្ត្រីសុខាភិបាល ក្នុងខេត្តព្រះវិហារ ដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រុមការងារ និងថ្នាក់ដឹកនាំបានបែងចែកជាក្រុម ក្នុងនោះក្រុមការងារដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពកោះកេរ្តិ៍ មណ្ឌលសុខភាពគូលែន និងមណ្ឌលសុខភាពបរិបូរណ៍ ស្រុកគូលែន ខេត្តព្រះវិហារ។
ជាលទ្ធផល ក្រុមការងារបានពិនិត្យឃើញដូចខាងក្រោម៖
- បរិស្ថានស្អាត អនាម័យល្អបុគ្គលិកមានឥរិយាបទល្អ នៅប្រចាំការជាប់ជាប្រចាំ
- មានអ្នកជំងឺមកប្រើប្រាស់សេវាទាំងជំងឺទូទៅ ផ្នែកកុមារ និងសម្ភពជាធម្មតាឡើងវិញជាបណ្តើរៗ
- អគារថ្មី មានកន្លែងទទួលអ្នកជំងឺ មាន កន្លែងថត X-ray, អុលត្រាសោន (Ultrasound)
- មានរថយន្ត Ambulance ប្រចាំការ ក្នុងការបញ្ជូនអ្នកជំងឺ ក្នុងករណីចាំបាច់
- មានបុគ្គលិកជាគ្រូពេទ្យព្យាបាលនៅប្រចាំការ
- ការរៀបចំទុកដាក់ឯកសារ ត្រូវកែលម្អបន្ថែម និងគួរមានការជួសជុលអគារ និងបរិស្ថានជុំវិញ
- មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ និងមានប្រព័ន្ធ Solar ជំនួយរបស់ UNICEF សម្រាប់ ទូថែរក្សាវ៉ាក់សាំង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ ក៏បានពាំនាំនូវការសួរសុខទុក្ខ និងថ្លែងអំណរគុណរបស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដល់មន្ត្រីរាជការបុគ្គលិកទាំងអស់ នៅមូលដ្ឋានដែលបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ និងជនភៀសសឹកប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។