ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២៦
ខេត្តបាត់ដំបង៖ ពីថ្ងៃទី០៥ ដល់០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ និងឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យ និងពង្រឹងគុណភាពសេវា ដើម្បីគាំទ្រការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ តាមបណ្តោយព្រំដែន ក្រោយជម្លោះឈ្លានពានពីសំណាក់កងទ័ពថៃ។
ក្រោយសកម្មភាពត្រួតពិនិត្យ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបពិភាក្សា និងផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំ និងមន្ត្រី រៀបចំផែនការណ៍ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលបានខូចខាត និងយកចិត្តទុកដាក់បន្ថែមលើការបម្រើសេវាសុខភាពមាត់ធ្មេញ សុខភាពភ្នែក សុខភាពផ្លូវចិត្ត និងបន្តពង្រឹងគ្រប់គ្រងរៀបចំទុកដាក់ថែទាំឱសថ ឧបករណ៍ សម្ភារបរិក្ខារពេទ្យ ព្រមទាំងប្រព័ន្ធបញ្ជូនជំងឺឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក នៅតាមមូលដ្ឋានសុខាភិបាលទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងសកម្មកន្លងមក និងបន្តបម្រើសេវាសុខាភិបាល កាន់តែប្រសើរឡើង។
សូមបញ្ជាក់ជូនថា បេសកកម្មខាងលើមានការចូលរួមពី លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកមន្ទីរពេទ្យ និងមន្ត្រីពាក់ព័ន្ធនៅមន្ទីរពេទ្យបង្អែកសំពៅលូន មន្ទីរពេទ្យបង្អែកបវេល និងមន្ទីរពេទ្យបង្អែកថ្មគោលផងដែរ។