ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៦
កោះកុង៖ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល អមដំណើរដោយ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសំណេះសំណាល សេចក្តីនឹករលឹក ដល់មន្រ្តីរាជការ និងបុគ្គលិក នៃមណ្ឌលសុខភាព ប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ដែលបានបើកដំណើរការឡើងវិញ បន្ទាប់ពីផ្អាកដំណើរការអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា ថៃ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសបញ្ជាក់ថា «នៅពេលដែលមានបញ្ហា និងការភ័យខ្លាចបានប៉ះពាល់សហគមន៍ដោយការប្រឈមឈ្លានពាន បងប្អូនសហភាតរៈសុខាភិបាលយើងមិនបានរាថយឡើយ ប៉ុន្តែនៅប្រកៀកស្មា ក្នុងការបម្រើសុខភាពទាំងផ្លូវកាយ និងចិត្ត ជូនប្រជាពលរដ្ឋ និងវីរកងទ័ពដោយការប្តូរផ្តាច់បំផុត។»
សូមជម្រាបជូនថា រយៈពេល ២ថ្ងៃ នៃដំណើរចុះពិនិត្យរបស់ប្រតិភូក្រសួងសុខាភិបាល រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ និងកោះកុង នៅតាមមូលដ្ឋានសុខាភិបាលដែលរង់ផលប៉ះពាល់ ឬផ្អាកបណ្តោះអាសន្នក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា ថៃ នាពេលកន្លងមក ហើយបានបើកដំណើរឡើងវិញ បន្ទាប់ពីមានបទឈប់បាញ់។