ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២៦
ខេត្តកណ្ដាល៖ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារបច្ចេកទេស បានចុះទៅពិនិត្យស្ថានភាព មណ្ឌលសុខភាពចំនួន១៥ នៅក្នុងខេត្តកណ្ដាល។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាព ក្នុងការបម្រើសេវាថែទាំ និងព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។ បេសកកម្មនេះ ក្រុមការងារបានជួបប្រជុំជាមួយ លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្ដាល និងមានការអញ្ជើញចូលរួមពិភាក្សាជាមួយថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកោះធំ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្អាង ហើយពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ៖
១-ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព
២-ធនធានមនុស្សវិស័យសុខាភិបាល ដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស
៣-ការគ្រប់គ្រង ការចែកចាយឱសថ និងវ៉ាក់សាំងរួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ
៤-លទ្ធភាពគ្រប់គ្រងក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ
៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍
៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៧-ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៨-ការធ្វើបដិសណ្ឋារកិច្ច ក្នុងការបម្រើសេវាថែទាំដល់អ្នកជំងឺ
៩-ការបណ្ដុះបណ្ដាលបន្ថែមលើការងារបច្ចេកទេស និងប្រព័ន្ធឌីជីថល
១០-ការងារសហការជាមួយ មូលនិធិគាំពារសង្គម(បសស និងមូលនិធិសមធម៌)
១១-ការគ្រប់គ្រង ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងថែ្លងអំណរគុណ ដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា មណ្ឌលសុខភាពដែលចុះត្រួតពិនិត្យមានដូចជា មណ្ឌលសុខភាពព្រែកជ្រៃ, ឈើខ្មៅ, កំពង់កុង,លើកដែក, ពោធិបាន, កោះធំ(ក), ជ្រោយតាកែវ, សំពៅពូន, ពោធិរាម្មា, ព្រែកស្ដី ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកោះធំ និងមណ្ឌលសុខភាពស្វាយប្រទាល, ត្រើយស្លា, តាលន់, ប្រាសាទ, ខ្ពប ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្អាង នៃខេត្តកណ្ដាល។