រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសជាផ្លូវការ ដាក់ឱ្យដំណើរការរៀនសូត្រកម្មវិធីទឹកស្អាត និងអនាម័យ ដែលធន់នឹងអាកាសធាតុ តាមប្រព័ន្ធអនឡាញ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ លោកបណ្ឌិត Will Parks នាយកប្រចាំប្រទេសនៃអង្គការ UNICEF ប្រចាំនៅប្រទេសកម្ពុជា និងលោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រ្តាលី ប្រចាំនៅប្រទេសកម្ពុជា។
កម្មវិធីបណ្តុះបណ្តាលនេះ មានកម្រងវីដេអូមេរៀនសរុបចំនួន ៥ជំពូក រួមមាន៖ ទី១-ទិដ្ឋភាពទូទៅវិស័យទឹកស្អាត និងអនាម័យ និងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ទី២-ការគាំទ្រការផ្លាស់ប្តូរឆ្ពោះទៅរកសេវាទឹកស្អាត និងអនាម័យដែលធន់នឹងអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា ទី៣-វិធីសាស្រ្តកំណត់ និងវាយតម្លៃដំណោះស្រាយទឹកស្អាត និងអនាម័យដែលធន់នឹងអាកាសធាតុ ទី៤-ហិរញ្ញប្បទានអាកាសធាតុ និងការរៀបចំរបាយការណ៍ហេតុផលអាកាសធាតុ និងទី៥-ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។
ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់។ ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាន និងកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តនូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាលលើការងារលើកកម្ពស់ការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ តាមរយៈការរៀបចំ និងអនុវត្តដោយជោគជ័យនូវផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២ជំហានកន្លងមកហើយ។
ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហា ដែលកំពុងប្រឈមមួយចំនួន និងឈានទៅសម្រេចឱ្យតាមគោលដៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ទាមទារឱ្យមានការបង្កើនការយល់ដឹងបន្ថែម អំពីការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយប្រើប្រាស់ទាំងមធ្យោបាយបណ្តុះបណ្តាលបច្ចេកទេស ជូនមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងតាមការស្វែងរកចំណេះដឹងបន្ថែមតាមប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាតាមប្រព័ន្ធព័ត៌មានវិទ្យាផងដែរ។ ក្នុងន័យនេះ វគ្គសិក្សារៀនសូត្រតាមប្រព័ន្ធអនឡាញនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនសមត្ថភាពដល់មន្រ្តីរាជការ ជាពិសេសមន្រ្តីរាជការទទួលបន្ទុកផ្នែកទឹកស្អាត និងអនាម័យ ក៏ដូចជាសាធារណៈជនទូទៅផងដែរ។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់នេះ ត្រូវបានរៀបចំឡើងនៅ ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបប្រមាណ ៣០០នាក់។