ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង២:០០នាទីរសៀល ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម បានចូលរួមវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ តាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) ដែលមានអ្នកចូលរួមសរុបចំនួន ២៨៥៩នាក់។
នៅក្នុងវេទិការនេះការិយាល័យសុខាភិបាលស្រុកប្រតិបត្តសៀមរាប នៃរដ្ឋបាលខេត្តសៀមរាប បានលើកយកបទបង្ហាញស្តីពីការធ្វើPDIA ដើម្បីបង្កើនការមកប្រើប្រាស់សេវាស្រាវជ្រាវ រកជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម នៅតាមមណ្ឌលសុខភាពនិងមន្ទីពេទ្យបង្អែក ក្នុងស្រុកប្រតិបត្តិសៀមរាប ឱ្យកើនឡើងពី១៩% ទៅ ៣៥% ក្នុងឆ្នាំ២០២៦ តាមរយៈការចុះផ្ទាល់ដល់មូលដ្ឋាន ការផ្តល់សម្ភារៈបរិក្ខា និងការតាមដាននឹងត្រួតពិនិត្យការងារ។
ជាកិច្ចបន្ត ក្រុមការងារនៃមណ្ឌលសុខភាពព្រែកគយ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល បានលើកយកគម្រោងនៃការ បង្កើនការគ្របដណ្តប់ការចាក់វ៉ាក់សាំងលើកុមារនៅក្នុងតំបន់គ្របដណ្តប់របស់ខ្លួនឱ្យបានកើនឡើងពី៤៨% ដល់៦៥% ក្នុងឆ្នាំ២០២៦ ដោយចាប់ផ្តើមពីការប្រមូលទិន្នន័យនៃចំនួនកុមារ នៅក្នុងតំបន់គ្រប់ដណ្តប់របស់ខ្លួន និងការស្វែងរកការចូលរួមពីក្រុមទ្រទ្រង់សុខភាពភូមិ និងអជ្ញាធរមូលដ្ឋាន។