នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងព្រឹត្តការណ៍អមនៃសន្និបាតសុខភាពពិភពលោកលើកទី៧៩ លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា អមដំណើរដោយលោកស្រី ប្រាក់ ម៉ានីឡា Presidential Fellow, Joint Commission International បានទទួលជួបជាមួយលោក José Luis Cobos Serrano ប្រធានក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិ(ICN) និងលោកស្រី Hoi Shan Fokeladeh ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់របស់ ICN នៅសណ្ឋាគារអ៉ីនធឺខនទីណង់តាល់ ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
កិច្ចប្រជុំនេះផ្តោតលើអនាគតកាលនៃវិជ្ចាជីវៈគិលានុបដ្ឋាកនៅកម្ពុជា រួមទាំងវឌ្ឍនភាពក្នុងការអប់រំ និងបណ្តុះបណ្តាលគិលានុបដ្ឋាក ចក្ខុវិស័យរួមសម្រាប់វិជ្ជាជីវៈ និងមូលដ្ឋានភស្តុតាងដែលត្រូវការដើម្បីគាំទ្រដល់ការអភិវឌ្ឍវិជ្ជាជីវៈបន្ត។
ICN បានគូសបញ្ជាក់ពីការបោះពុម្ពផ្សាយថ្មីៗបំផុតរបស់ខ្លួនលើនិយមន័យគិលានុបដ្ឋាក គុណតម្លៃនៃទិវាគិលានុបដ្ឋាកអន្តរជាតិ និងករណីសម្រាប់ការវិនិយោគលើកម្លាំងពលកម្មគិលានុបដ្ឋាក ដែលជាកត្តាជំរុញនៃការពង្រឹងរចនាសម្ព័ន្ធ។
លោកជំទាវសាស្ត្រាចារ្យ បានស្វែងយល់ពីលទ្ធភាពនៃការចុះឈ្មោះក្រុមប្រឹក្សាគិលានុបដ្ឋាកកម្ពុជាជាសមាជិកពេញសិទ្ធិរបស់ក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិ ដែលជាជំហានមួយដែលនឹងនាំយកសំឡេងរបស់គិលានុបដ្ឋាកកម្ពុជាទៅកាន់ឆាកអន្តរជាតិ ស្របតាមអនុសាសន៍របស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ប្រទេសកម្ពុជាប្តេជ្ញាលើកកម្ពស់វិជ្ជាជីវៈគិលានុបដ្ឋាក ទាំងនៅកម្ពុជា និងនៅលើឆាកអន្តរជាតិ។