ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៦
ខេត្តកំពត៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យជំនួយ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមសាស្រ្តាចារ្យ សាន់ ច័ន្ទសឿន ទីប្រឹក្សាក្រសួងសុខាភិបាល បានចុះទៅពិនិត្យមណ្ឌលសុខភាព មួយចំនួន (ជុំទី៣) នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត។
ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញ លើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការបម្រើសេវាថែទាំ និងព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។
ក្នុងបេសកកម្មនេះ ក្រុមការងារបានជួបប្រជុំ និងមានការពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត ថ្នាក់ដឹកនាំការិយាល័យសុខាភិបាល ដើម្បីពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ៖
១-ហេដ្ឋារចនាសម្ព័ន្ឋសុខាភិបាល ដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព
២-ធនធានមនុស្សវិស័យសុខាភិបាល ដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស
៣-ការគ្រប់គ្រងការបែងចែកឱសថ និងវ៉ាក់សាំង រួមទាំងការបំពាក់សម្ភារៈ បរិក្ខារពេទ្យបនែ្ថម
៤-ការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ
៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍
៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៧-ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាព
៨-ជំរុញមណ្ឌលសុខភាពឱ្យមានការវិវត្តន៍ពីមធ្យម ទៅល្អបង្គួរ និងឈានទៅល្អប្រសើរ
៩-ការបណ្ដុះបណ្ដាលបន្ថែមលើការងារបច្ចេកទេស និងប្រព័ន្ធឌីជីថល
១០-ការងារសហការជាមួយ មូលនិធិគាំពារសង្គម (បសស និង មូលនិធិសមធម៌)
១១-ការគ្រប់គ្រង ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញការសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា មណ្ឌលសុខភាពដែលបានចុះពិនិត្យរួមមាន មណ្ឌលសុខភាពក្រាំងអំពិល កំពង់គ្រែង កំពង់កណ្តាល អ៊ីទួនស៊ាង ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពត មណ្ឌលសុខភាព តានី ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជ័យរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត។