រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល (SPESHP) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូកម្មសិក្សាគ្លីនិក ផ្នែកឆ្មប នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត។
វគ្គបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃនេះ មានគោលបំណងក្នុងការពង្រឹងសមត្ថភាពគ្រូកម្មសិក្សាគ្លីនិក ដើម្បីទទួលបាននូវចំណេះដឹង ជំនាញបច្ចេកទេស និងវិធីសាស្ត្របង្រៀន ប្រកបដោយប្រសិទ្ធភាព ស្របតាមកម្មវិធីសិក្សាថ្មី និងតម្រូវការជាក់ស្តែង ក្នុងវិស័យសុខាភិបាល។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត គ្រូបង្គោល និងគ្រូកម្មសិក្សាគ្លីនិកផ្នែកឆ្មប ដែលជាសិក្ខាកាមអញ្ជើញមកពីមន្ទីរពេទ្យ មណ្ឌលសុខភាព ក្នុងខេត្តកំពត តាកែវ ព្រះសីហនុ កែប និងកោះកុង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត និងបានចុះពិនិត្យទីតាំងជាក់ស្តែងដូចជា បណ្ណាល័យ បន្ទប់អនុវត្តបង្ហាញត្រាប់ បន្ទប់រៀន បន្ទប់ប្រឡងទ្រឹស្តីតាមប្រព័ន្ធកុំព្យូទ័រ និងបរិវេណជុំវិញសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត។