ខេត្តកំពង់ធំ៖ រសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះពង្រឹងមន្ទីរពេទ្យខេត្ត បានអញ្ជើញចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។
ការចុះអភិបាលនេះ មានគោលបំណងជួយគាំទ្រ លើផែនការសម្មភាពរបស់មន្ទីរពេទ្យ និងជួយពង្រឹងគុណភាព សមត្ថភាព ការបម្រើសេវាផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកអមវេជ្ជសាស្ត្រ និងបន្តពង្រឹងសោភ័ណ្ឌភាព ទីធ្លា អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ ឯកសណ្ឋានរបស់បុគ្គលិក និងការបម្រើសេវា លំហូរជំងឺនៅ កន្លែងចុះឈ្មោះ OPD និងនៅបញ្ជរបង់ប្រាក់។
នៅក្នុងការចុះអភិបាលនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កេតឃើញ មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើការបម្រើសេវា រួមទាំងការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ សោភ័ណ្ឌភាព និងមានបងប្អូនប្រជាពលរដ្ឋមកទទួលសេវាថែទាំ ព្យាបាល យ៉ាងច្រើនកុះករ ដោយទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ នៅតាមផ្នែកនីមួយៗ ជាពិសេសនៅផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់ជាអនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ នៅចំណុចមួយចំនួនដូចខាងក្រោម៖
១)បន្តពង្រឹងការបម្រើសេវា ដូចជាការពន្លឿនសេវាឱ្យបានឆាប់រហ័ស និងមានគុណភាពកាន់ល្អប្រសើរថែមទៀត
២)លើកទឹកចិត្តទៅដល់មន្ត្រីសុខាភិបាលឱ្យផ្ដល់នូវស្នាមញញឹម រួសរាយរាក់ទាក់ក្នុងការបម្រើសេវា ដើម្បីបង្កើនទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវា
៣)បន្តយកចិត្តទុកដាក់ក្នុងការថែទាំអនាម័យ បរិស្ថាន និងការពារការចម្លងរោគនៅគ្រប់ទីតាំងផ្ដល់សេវា ជាពិសេសនៅក្នុងផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់ និងផ្នែកវះកាត់។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីសុខាភិបាលទាំងអស់ដែលបានខិតខំបំពេញភារកិច្ចបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។